(ភ្នំពេញ)៖ សំណុំរឿងរបស់លោកឧត្តមសេនីយ៍ កែវ មាស ដែលគេស្គាល់ថា ជាប្រធានការិយាល័យទី២ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក រងការប្តឹងពីលោកស្រី ជា គង្គា ជាភរិយានាយឧត្តមសេនីយ៍ ដុម ហាក់ នោះ ត្រូវបានតុលាការប្រកាសថា នឹងប្រកាសសាលក្រមនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ។

សម្រាប់សាវនាការនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានធ្វើឡើងដែលមានលោកចៅក្រម វេង ហ៊ត់ និងតំណាងអយ្យការលោកស្រី ស៊ឺ វណ្ណនី អមដោយមេធាវីការពារក្តីរបស់លោកស្រី ជា គង្គា គឺលោក ហាក់ សេង និងមេធាវីលោកឧត្តមសេនីយ៍យោធា កែវ មាស គឺលោក  អ៊ុំ ចំរើន ខណៈលោក កែវ មាស មិនបានបង្ហាញខ្លួននោះទេ។ នៅក្នុងសាវនាការនោះតំណាងអយ្យការបានប្រាប់ថា «លោកស្រីបានតម្កល់ពាក្យបណ្តឹងពីបទបរិហាកេរ្តិ៍ ដោយចុងចោទ គ្មានភស្តុតាងដោះបន្ទុកនោះទេ ពោលមានចេតនាបង្កាច់បង្ខូច អ្នកដទៃដោយចេតនា ដោយមានស្ថានទម្ងន់ទោស»។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ កែវ មាស ប្រធានការិយាល័យទី២ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានលោកស្រី ជា គង្គា ជាភរិយានាយឧត្តមសេនីយ៍ ដុម ហាក់ បានដាក់ពាក្យបណ្ដឹង ពីបទបរិហារកេរ្តិ៍ជាសាធារណៈពាក់ព័ន្ធ។

លោកស្រីអះអាងថា លោកឧត្តមសេនីយ៍ កែវ មាស បាននិយាយបរិហារ្តិ៍ មកលើអ្នកស្រីដែលជាព័ត៌មាន មិនពិតឲ្យសារព័ត៌មានយកទៅចុះផ្សាយ។ ក្នុងពាក្យបណ្ដឹងអ្នកស្រី ជា គង្គា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ បានអះអាងថា លោកឧត្តមសេនីយ៍ កែវ មាស បាននិយាយបរិហារ្តិ៍ អ្នកស្រីក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយអ្នកសារព័ត៌មាន ក្នុងស្រុកមួយយកទៅចុះផ្សាយ ជាសាធារណៈតាមព័ត៌មានអនឡាញ។

នៅក្នុងបទសម្ភាសន៍នោះ លោកឧត្តមសេនីយ៍ កែវ មាស បាននិយាយចោទប្រកាន់ទៅលើអ្នកស្រី ជា គង្គា ថា លោកឧត្តមសេនីយ៍ ដុម ហាក់ គាត់ឲ្យប្រពន្ធក្រោយរុញ មកចាប់យកដី២ហិកតា នៅបន្ទាយស្រីលក់បាត់ហើយ និងនិយាយថា លោកឧត្តមសេនីយ៍ ដុម ហាក់ ហ្នឹងណាស់ គឺប្រពន្ធចុងរុញចាប់យកដីគ្រប់កន្លែង មិនមែនមួយហ្នឹងទេ នៅតាមព្រំដែន ឲ្យតែដីណាមិនច្បាស់លាស់ចាប់យកបាត់ ព្រមទាំងនិយាយបន្ថែមទៀតថា ជំទាវចំតិត មិនដឹងយ៉ាងម៉េចទេ ឲ្យគេថតសំឡេងខ្ញុំយកទៅប្ដឹង ដែលពាក្យពេជន៍ទាំងអស់ខាងលើនេះ សុទ្ធសឹងតែជាការនិយាយបំភ្លើសការពិត និងមួលបង្កាច់ទៅលើអ្នកស្រីដោយគ្មានភស្តុតាង និងជាការប្រមាថដល់ស្ត្រីខ្មែរគ្រប់រូប និងជាការនិយាយផ្ដេសផ្ដាស ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់អ្នកស្រី ដោយអ្នកស្រីប្ដឹងទាមទារឲ្យតុលាការ ផ្ដល់យុត្តិធម៌តាមច្បាប់ និងទាមទារជំងឺចិត្តចំនួន១០០០លានរៀលផងដែរ៕

រូបអាវសដៃខ្លី ឧត្តមសេនីយ៍ កែវ មាស ចេញពីផ្ដល់ចំលើយ នៅអយ្យការកន្លងមក