(ភ្នំពេញ)៖ អ្នកបើកបររថយន្ដ២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា ដែលបានបង្កឱ្យស្រ្តី៤នាក់ ស្លាប់យ៉ាងអាណោចអាធ័មនៅ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌចំការមននោះ ត្រូវបាននគរបាលការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានបញ្ជូនទៅតុលាការនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។

លោកវរសេនីយ៍ ចេវ ហាក់ នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងជំនាញចរាចរណ៍ផ្លូវគោក បានបញ្ជូនខ្លួនពួកគេទាំង២នាក់ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ដែលបង្កបើករថយន្តមានការធ្វេសប្រហែស រហូតបណ្តាលជនរងគ្រោះ៤នាក់បានស្លាប់។ សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយ រថយន្ដម៉ាក Fuso បានបុកម៉ូតូជាមួយ ម៉ូតូមួយគ្រឿង ម៉ាកគុប។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បណ្ដាលឱ្យនារី២នាក់ជាបងប្អូនបង្កើត បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ហើយសម្រាប់ហេតុការណ៍នេះ ម្តាយស្រ្តីរងគ្រោះទាំង២នាក់ក៏បានគាំងបេះដូងស្លាប់ផងដែរ នៅពេលដឹងថាកូនរបស់ខ្លួនបាត់បង់ជីវិត។ លុះរំលងបានមួយថ្ងៃគឺថ្ងៃទី១២ ខែមិថុនា ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀត ដែលបង្កដោយរថយន្តបាញ់បេតុងធុនធំមួយគ្រឿងបើកបុកពីក្រោយ ម៉ូតូមួយគ្រឿងម៉ាក វ៉េវអាល់ហ្វា ដែលបណ្ដាលឱ្យនារី២នាក់ ក៏បានស្លាប់នៅនឹងកន្លែងកើតហេតុ ស្ថិតនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ៕