(បាត់ដំបង)៖ កម្លាំងនគរបាលខេត្តបាត់ដំបង បានធ្វើការចាប់ក្រុមម៉ូតូចំនួន២៣នាក់ ដែលស្រែកឡូឡាតាមដងផ្លូវ យ៉ាងអាណាធិបតេយ្យ យកទៅធ្វើការអប់រំ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ប្រតិបត្តិការដេញតាមចាប់ក្រុមម៉ូតូស្រែកឡូឡាតាមដងផ្លូវបង្កការរំខាន ដល់ប្រជាពលរដ្ឋនាពេលយប់នេះ បានធ្វើឡើងក្រោមការដឹកនាំ ផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនយុត្តិធម៌ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ម៉េង លៀង នាយករិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ បានធ្វើឃាត់ខ្លូនបានមនុស្ស២៣ នាក់ និងម៉ូតូធុនធំ២៣គ្រឿង ក្នុងនោះដែរ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព៩នាក់ ម៉ូតូមិនមានស្លាកលេខ ១៥គ្រឿង ព្រមទាំងម៉ូតូ៨គ្រឿង បានកែច្នៃខុសបច្ចេកទេស។

លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា សកម្មភាពទាំងអស់ខាងលើបានធ្វើឲ្យ បាត់បង់សណ្តាប់ធ្នាប់របៀបរាបរយសាធារណៈរំខានទាំងការ ធ្វើដំណើររបស់អ្នកដទៃ និងប៉ះពាល់ ដល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរ នៅតាមដងផ្លូវ ព្រមទាំងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលទទួល ទានដំណេកពេលយប់ផងដែរ។ ដូច្នេះហើយ ទើបលោកស្នងការបានចេញ បទបញ្ជាឲ្យចាត់វិធានការចំពោះបញ្ហានេះ។ បន្ទាប់ពីធ្វើការ ឃាត់ខ្លូនក្មេងទំនើងមួយក្រុមនេះ ត្រូវបានបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការអប់រំ និងហៅអាណាព្យាបាលមក ធ្វើកិច្ចសន្យា ហើយប្រសិនបើមានករណីនេះកើតឡើងម្ដងទៀត សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ជាមិនខាន។

សូមជំរាបជូនថា កន្លងទៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងតាមបណ្តាស្រុកមួយចំនួន មានក្រុមក្មេងទំនើងបានជិះម៉ូតូធុនធំៗបង្កភាព អនាធិបតេយ្យ ដោយការជិះក្នុងល្បឿនលឿនៗ បង្កជាសម្លេងម៉ូតូ ស៊ីប្លេខ្លាំងៗ ជិះជាក្រុមពេញផ្លូវ បង្ហោះ ឬប្រណាំងប្រជែងគ្នាស្រែកហូរ កញ្ចៀវឡូឡា ទាំងយប់ទាំងថ្ងៃ មានករណីខ្លះឈានដល់បង្កហិង្សា វាយតប់ ដេញកាប់ចាក់គ្នាទៀតផង។ បន្ថែមពីនេះ ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងបានអំពាវនាវដល់អាណាព្យាល មាតាបិតា យកចិត្តទុកដាក់អប់រំកូន ការប្រើប្រាស់មធ្យោបាយណាមួយគឺ ជាសិទ្ឋិ របស់អ្នកប្រើប្រាស់ ប៉ុន្តែការប្រើប្រាស់ដែលមានលក្ខណៈកែច្នៃខុសបច្ចេកទេស ខុសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនោះសមត្ថកិច្ចត្រូវតែ អនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន ដើម្បីធ្វើឲ្យសង្គមមានរបៀបរៀបរយ៕