(សៀមរាប)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានក្រើនរំលឹកដល់មន្រ្តីពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ឱ្យយកចិត្ត ទុកដាក់ត្រៀមលក្ខណៈខ្ចប់ទឹកទុក សម្រាប់ការងារបង្កបង្កើនផល ក្នុងវិស័យកសិកម្ម ជូនប្រជាពលរដ្ឋគ្រប់គ្នា កុំឱ្យមានការខ្វះខាត ក្នុងរដូវវស្សានេះ។

ការបង្ហាញពីការយកចិត្តទុកដាក់នេះ ធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្រ្តី បានចុះត្រួតពិនិត្យស្ថានភាពទឹក ក៏ដូចជាការងារបង្កបង្កើនផល របស់ប្រជាកសិករ នៅតាមបណ្តាខេត្តនានា ចាប់តាំងពីថ្ងៃទី១១-១៣ ខែមិថុនា ឆ្នាំ២០១៦ និងបានជួបប្រជុំជាមួយប្រធាន និងអនុប្រធាន មន្ទីរធនធានទឹក និងឧតុនិយម ទូទាំង២៥ រាជធានី-ខេត្ត នៅខេត្តសៀមរាប។

តាមរយៈទំព័រ Facebook របស់ក្រសួងធនធានទឹក បានឱ្យដឹងថា «លោករដ្ឋមន្រ្តី បានក្រើនរំលឹកដល់អស់លោក ដែលជាថ្នាក់ដឹកនាំមន្ទីរ ទាំងអស់បន្ថែមលើតួនាទី និងភារកិច្ច ដូចមានចែងក្នុងក្របខណ្ឌបទដ្ឋានគតិយុត្ត ត្រូវយកចិត្តទុកដាក់ត្រៀមលក្ខណៈខ្ចប់ទឹកទុកសម្រាប់ បម្រើឱ្យការងារបង្កបង្កើនផល ចុះជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ តាមដានជាប់ជាប្រចាំ នូវស្ថានភាពអាកាសធាតុ និងជូនដំណឹងឲ្យបានទាន់ពេលវេលា នូវរាល់បាតុភូតធម្មជាតិនានា ដែលកើតមានឡើង ជូនដល់សាធារណជន ពិសេសបងប្អូនប្រជានេសាទ និងអ្នកទេសចរនៅតំបន់ឆ្នេរ និងកោះនានា ក្នុងលំហសមុទ្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់»៕