(អាមេរិក)៖ បណ្តាប្រទេសនានានៅលើសកលលោក ដូចជា ចិន ប៉ាគីស្ថាន បារាំង សិង្ហបុរី ព្រមទាំងប្រទេសនៅអឺរ៉ុប និង អាស៊ីជាច្រើនទៀត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងតក់ស្លុតបំផុត ព្រមទាំងបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ បំផុតថែមទៀត ទៅលើអំពើភេរវកម្មនៅទីក្រុង Orlando រដ្ឋ Florida ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលបានបណ្តាលឲ្យ មនុស្ស ៥០នាក់ (ភាគច្រើនជាមនុស្សស្រឡាញ់ភេទដូចគ្នា) បាត់បង់ជីវិត និង ៥៣នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយ BBC នារសៀលថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦។

សាក្សីជាច្រើននាក់ ដែលនៅរស់រានក្រោយហេតុការណ៍ដ៏គួរឲ្យរន្ធត់ ក្នុងក្លឹបកម្សាន្ត Pulse ជាយទីក្រុង Orlando បានផ្តល់បទសម្ភាសន៍ទាំងទឹកភ្នែក ដូចជានាង Jackie Smith បានប្រាប់ភ្នាក់ងារ AP ថា «មិត្តខ្ញុំទាំងពីរនាក់ ដែលឈរនៅសងខាងខ្ញុំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់។ បុរសខ្មាន់កាំភ្លើង បានដើរចូលក្នុងក្លឹប ហើយក៏ បានធ្វើការបាញ់រះមកលើគ្រប់គ្នាតែម្តង។ គ្មាននរណាម្នាក់ដឹងមុននោះទេ តែខ្ញុំឃើញបែបនេះភ្លាម ក៏ព្យាយាមរត់គេចចេញតែម្តង»។

ងាកមកកាន់សាក្សីម្នាក់ទៀត គឺលោក Ricardo Negron ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា «គ្រប់គ្នាបានក្រាបទៅលើឥដ្ឋ ហើយខ្ញុំបានលឺសំឡេងស្រែកដោយភាពឈឺចាប់ ជុំវិញខ្ញុំទាំងអស់។ ខ្ញុំពិតជា សំណាងណាស់ ដែលមាន​ឱកាសបានសម្រុកចេញពីនោះ»។ មនុស្សចំនួនទៀត បានផ្តល់បទសម្ភាសន៍ផងដែរ ដោយអ្នកខ្លះអះអាងថា យ៉ាងហោចណាស់ខ្មាន់កាំភ្លើងក៏បានបាញ់ពី ៤០ ទៅ៥០គ្រាប់ដែរក្នុងក្លឹបកម្សាន្តនោះ មុននឹងប៉ូលិស សម្រេចចិត្ត សម្រុកចូលដើម្បីរំដោះចំណាប់ខ្លាំង។

គួរបញ្ជាក់ថា បើទោះបីជាពួក ISIS បានចេញសារទទួលខុសត្រូវ ចំពោះការវាយប្រហារនោះក៏ដោយ ក៏ប៉ូលិស សហព័ន្ធអាមេរិក មិនទាន់មានការជឿជាក់នោះដែរ ដោយត្រូវរង់ចាំការស៊ើបអង្កេតជាបន្តទៀត៕