(តាកែវ)៖ ម្ចាស់ជយលាភីយុវជនគំរូកម្ពុជា សម្ដេចតេជោជំនាន់ទី៤ លោក ជាតិ ច័ន្ទតុលា រួមជាមួយនិងក្រុមសប្បុរសជន Shine-ពន្លឺនៃជីវិត និងសមាជិកចំនួន១៣នាក់ បានចុះទៅចែកសម្ភារសិក្សា ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាអង្គខ្នារ ដែលស្ថិតនៅក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦។    

នៅក្នុងឱកាសចុះចែកសម្ភារសិក្សា ដល់សិស្សសានុសិស្ស សាលាបឋមសិក្សាអង្គខ្នារ លោក ជាតិ ច័ន្ទតុលា ម្ចាស់ជយលាភីយុវជនគំរូ សម្ដេចតេជោជំនាន់ទី៤ បានលើកឡើងពីទឹកចិត្ត ឲ្យសិស្សានុសិស្សទាំងអស់ ខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ដោយលោកបានពន្យល់ពី វិធីសាស្រ្តនិងបទពិសោធន៍របស់លោកប្រាប់ប្អូនៗ សិស្សានុសិស្សដើម្បីរៀនសូត្របានជោគជ័យ របស់លោកនាពេលកន្លងមក។

ម្ចាស់ជយលាភីយុវជនគំរូសម្ដេចតេជោ ក៏បានផ្ដាំផ្ញើផងដែរ ឲ្យប្អូនសិស្សានុសិស្សទាំងអស់ បើចង់រៀនសូត្របានពូកែ និងជោគជ័យកត្តា សំខាន់បំផុត គឺត្រូវប្រឹងប្រែងស្ដាប់លោកគ្រូ អ្នកគ្រូពន្យល់ជាពិសេសត្រូវចាត់ទុក លោកគ្រូអ្នកគ្រូ ដូចជាឪពុកម្ដាយទី២របស់យើងផងដែរ។

គួបញ្ជាក់ថា ក្រុមសប្បុរសជន Shine-ពន្លឺនៃជីវិតដែលមាន លោក ជាតិ ច័ន្ទតុលា ម្ចាស់ជយលាភីយុវជនគំរូ សម្ដេចតេជោជំនាន់ទី៤ ជាប្រធានក្រុម, លោក ស៊ូ ភិរម្យ ជាអនុប្រធាន និងសមាជិកចំនួន១៣នាក់ សហការគ្នាជាមួយតារាបង្ហាញម៉ូត កញ្ញា សូរ្យ អេនណា ធ្វើកម្មវិធីសប្បុរសធម៌ស្វែងរកថវិកា សាងសង់បន្ទប់មួយ សម្រាប់ប្រើប្រាស់ក្នុងសាលាខាងលើ ចែកនំប័ង, ទឹកដោះគោក្រដាស់ដល់ សិស្សានុសិស្ស ញ៉ាំ ចែករង្វាន់ពិសេសដល់សិស្សពូកែប្រចាំថ្នាក់ ចែកសម្ភារសិក្សា ដល់សិស្សានុសិស្សទាំងអស់ ផ្តល់សៀវភៅរឿងព្រេង និទានចំនួន២៥ក្បាល សម្រាប់បណ្ណាល័យក្នុងសាលា ផ្តល់ជាសម្ភារប្រើប្រាស់ដល់សាលា, និងសម្ភារប្រើប្រាស់ សម្រាប់បង្រៀនដល់ លោកគ្រូ-អ្នកគ្រូ ព្រមជាមួយថវិកាមួយចំនួនផងដែរ។

កន្លងមកក្រុម Shine-ពន្លឺនៃជិវិតក៏បានធ្វើកិច្ចការសប្បុរសធម៌ជាច្រើនកន្លែងមកហើយ នៅពេលខាងមុខនេះក្រុមនេះក៏និងមានគម្រោង ធ្វើសកម្មភាពមនុស្សធម៌ នៅកន្លែងដ៏ទៃទៀតផងដែរ៕