(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងអារម្មណ៍សប្បាយរីករាយ ដែលបណ្ណាល័យរបស់សម្តេច សាងសង់ នៅសាកលវិទ្យាល័យភូមិន្ទ បានក្លាយជាប្រយោជន៍ដ៏សំខាន់ដល់និស្សិត ក្នុងការសិក្សាស្រាវជ្រាវ។ ក្រៅពីនោះសម្តេចបានអរគុណឪពុកម្តាយ អាណាព្យាបាល និងសាស្រ្តាចារ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំជំរុញការ បណ្តុះបណ្តាលអភិវឌ្ឍន៌ធនធានមនុស្ស ឲ្យមានសមត្ថភាពកាន់តែខ្ពស់ឡើង។

Facebook Page ផ្លូវការសម្តេច ហ៊ុន សែន បានបញ្ជាក់ទាំងស្រុងយ៉ាងដូច្នេះថា៖ «ខ្ញុំសប្បាយរីករាយដែលបានចូលរួម ប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ៣,៧៤៦ នាក់ និងបានប្រកាសដាក់ឲ្យប្រើប្រាស់ជានិមិត្តរូបនៃ «មជ្ឍមណ្ឌលកម្ពុជា ដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១» នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅសាលសន្និសីទកោះពេជ្យ កាលពីព្រឹកមិញនេះ។ ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តី ខ្ញុំសូមអបអរសាទរចំពោះក្មួយៗ​ ដែលបានខិតខំសិក្សារៀនសូត្របញ្ចប់ការសិក្សា រហូតបានទទួលសញ្ញាបត្រនៅថ្ងៃនេះ។ នេះគឺជាលទ្ធផល នៃការខិតខំរបស់ក្មួយៗផ្ទាល់ និងការជួយជ្រោមជ្រែងពីឪពុកម្តាយ និងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ។

ច្បាស់ណាស់ថ្ងៃនេះ ជាថ្ងៃដែលមានន័យបំផុត សម្រាប់ជីវិត និងអនាគតក្មួយៗទាំងអស់។ តាមរយៈសន្តិភាព ស្ថេរភាព នយោបាយ គឺបានបើកឱកាសឲ្យយុវជនយើងយ៉ាងច្រើន។ ចំពោះយុវជនមួយចំនួនដែលកំពុងដើរលើផ្លូវខុស គឺនៅមានឱកាសវិលត្រឡប់មករកផ្លូវត្រូវវិញ។ មិនត្រូវគិតតែបន្ទោសលើតែរដ្ឋាភិបាលទេ។ ទន្ទឹមនឹងការយកចិត្តទុកដាក់របស់អាជ្ញាធរ គឺសូមឪពុកម្តាយយកចិត្តទុកដាក់ គ្រប់គ្រងកូនចៅឲ្យបានល្អ គឺយើងត្រូវខិតខំទាំងអស់គ្នា។

ទោះបីក្មួយៗបានបញ្ចប់ថ្នាក់បរិញ្ញា ឬបរិញ្ញាជាន់ខ្ពស់នៅថ្ងៃនេះ ប៉ុន្តែក្មួយៗនៅតែអាចបន្តការសិក្សាដើម្បីទទួល ចំណេះដឹងថ្មីៗដែលគ្មានដែនកំណត់។ ខ្ញុំក៏សប្បាយចិត្តណាស់ដែរដែល បណ្ណាល័យរបស់ខ្ញុំនៅសាកលវិទ្យាល័យភូមិន្ទបានក្លាយជាប្រយោជន៌ដ៏សំខាន់ ដល់និស្សិតក្នុងការសិក្សាស្រាវជ្រាវ។ ខ្ញុំសូមអរគុណឪពុកម្តាយ អាណាព្យាបាល និងសាស្រ្តាចារ្យទាំង អស់ដែលបានយកចិត្តទុកដាក់ខិតខំជំរុញការ បណ្តុះបណ្តាលអភិវឌ្ឍន៌ធនធានមនុស្ស អោយមានសមត្ថភាពកាន់តែខ្ពស់ឡើង។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជូនពរនិស្សិតទាំងអស់ ជួបតែសំណាងល្អ និងអនាគតរុងរឿងក្នុងជីវិតផងដែរ៕