(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនមុខសញ្ញាជួញដូរ​គ្រឿងញៀនម្នាក់ និងអ្នកញៀនថ្នាំចំនួន​៣នាក់ទៀត នៅក្នុងបន្ទប់ជួល ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦។

លោក ធិន ស៊ិនដេត នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៣ ខែមិថុនា នេះថា ក្រោយពីមានការចង្អុល​បង្ហាញ និងបទបញ្ជាតឹងរឹង ពីសំណាក់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ លោកបានឃាត់ខ្លួន ជនសង្ស័យជូញដូរគ្រឿងញៀន ជាមុខសញ្ញាចាស់ មានឈ្មោះ ឡាប ភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជាមួយនឹងវត្ថុតាង កាំភ្លើងប្រើប៊ិច ថ្នាំញៀនចំនួន៧ថង់ ទម្ងន់១១.១ក្រាម ជញ្ជីងថ្លឹង ថង់ច្រកថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ជនសង្ស័យខាងលើ និងវត្ថុតាងបញ្ជូន​ទៅកាន់សាលា​ដំបូងចាត់ការតាមផ្លូវច្បាប់៕