(ភ្នំពេញ)៖ លើកឡើងនាឱកាសអញ្ជើញបិទសិក្ខាសាលាស្តីពី «ការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប» នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានបន្តដាក់ចេញនូវទិសដៅការងារបន្ថែមចំនួន ៥ចំណុចបន្ថែមទៀត ដល់លេខាធិការដ្ឋានគណៈកម្មាធិការជាតិ និងដៃគូពាក់ព័ន្ធ ត្រូវរៀបចំសម្រាប់ការងារចំពោះមុខ និងទៅអនាគត សំដៅធ្វើយ៉ាងណាជំរុញការបង្កើតឱ្យបានចេញជារូបរាងនូវបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ។

សិក្ខាសាលានេះដែរ បានរៀបចំឡើងនៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីលោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន ជាអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ លោកអភិបាលរងនៃគណៈអភិបាលខេត្ត រដ្ឋបាលស្រុក និងមន្ទីរពាក់ព័ន្ធនៃបណ្តាខេត្តជុំវិញបឹងទន្លេសាបទាំង៦ , លោកស្រី Jane Wilding នាយកប្រតិបត្តិសភាពាណិជ្ជកម្មអង់គ្លេស, លោក យក់ សេងឡុង នាយកប្រតិបត្តិអង្គការ FACT រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ទិញដៅការងារបន្ថែម ៥ចំណុច ដែលលោករដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញរួមមាន៖

* ទី១៖ ក្នុងនាមក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សូមគាំទ្រចំពោះការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ដែលនឹងក្លាយជាយន្តការស្ថាប័នមួយ ចំណុះឲ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ហើយដែលកិច្ចប្រតិបត្តិការរបស់បណ្តាញ TEN ( បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ដែលហៅកាត់ថាបណ្តាញ TEN ) នេះ នឹងស្ថិតក្រោមការដឹកនាំរបស់ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ។

* ទី២៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ត្រូវសហការជាមួយដៃគូពាក់ព័ន្ធរៀបចំអនុស្សារណៈយោគយល់ (MoU) សម្រាប់ចុះហត្ថលេខាបង្កើតបណ្តាញ TEN នេះជាផ្លូវការនាឱកាសវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នាថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាបុរេលក្ខខណ្ឌចាំបាច់ក្នុងការដាក់ឲ្យដំណើរការបណ្តាញនេះ។

* ទី៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ត្រូវរៀបចំយន្តការការងារឲ្យបានរបស់បណ្តាញនេះឲ្យបានច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាព ពិសេសត្រូវរៀបចំផែនការសកម្មភាពការងារគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា យន្តការអនុវត្ត និងការតាមដានសម្មទិកម្មឲ្យបានច្បាស់លាស់ ដើម្បីជាមូលដ្ឋានកែតម្រូវ និងតម្រង់ទិសសម្រាប់ការអនុវត្តជំហានបន្ទាប់។ លោកនឹងប្រជុំដឹកនាំការងារនេះរៀងរាល់ ៦ខែម្តង ឬតាមពេលវេលាជាក់ស្តែងដើម្បីធានាវឌ្ឍនភាព និងប្រសិទ្ធភាពជាប្រចាំ។

* ទី៤៖ សូមស្នើឲ្យស្ថាប័នដៃគូអភិវឌ្ឍដែលថ្ងៃនេះមានការចូលរួមពីអង្គការជាតិ និងអន្តរជាតិនានា ដែលនឹងជាស្ថាបនិក ឬសមាជិកបណ្តាញនេះ សូមផ្តល់ការគាំទ្រដល់កិច្ចប្រតិបត្តិការបណ្តាញនេះ ទាំងលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពិសេសការអនុវត្តផែនការសកម្មភាព ដែលនឹងត្រូវដាក់ចេញនាពេលបន្ទាប់។

* ទី៥៖ សូមអំពាវនាវឲ្យបណ្តាដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរ-ជាតិនានា ដែលមានវត្តមានក្នុងសិក្ខាសាលានេះ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនានាដល់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍។

លោករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងនាមប្រធានគណៈកម្មាធិការជាតិ លោកនឹងផ្តល់ការគាំទ្រ និងសម្របសម្រួលពេញទំហឹង លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍ ហើយនឹងផ្តល់ឱ្យលោក ជុក ជំនោរ ដែលជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ នឹងជួយសម្របសម្រួលលើគ្រប់ដំណើរការបច្ចេកទេសក្នុងការរៀបចំគម្រោងសកម្មភាពនានា។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្ដោយប្រមាណ ១១៦ គ.ម ទទឹងប្រមាណពី ៣ គ.ម ទៅ ៣៣ គ.ម និងមានឆ្នេរប្រវែងប្រមាណ ៤៨២ គ.ម នៅរដូវប្រាំង។ បឹងទន្លេសាបគឺជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបានទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។ លក្ខណៈពិសេសទោលរបស់បឹងទន្លេសាប គឺការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការបញ្ចេញទឹកទៅឱ្យទន្លេមេគង្គវិញនារដូវប្រាំង ដែលបានក្លាយទៅជាបាតុភូតជលសាស្ដ្រធម្មជាតិមួយដែលគេកម្រនឹងជួបប្រទះ។

លោក​ ថោង​ ខុន​ បានបន្ថែមទៀតថា បាតុភូតនេះបានបង្កើតឡើងនូវតំបន់ដីសើម និងព្រៃលិចទឹកដ៏ធំល្វឹងល្វើយ ដែលផ្ដល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែបដូចជា មច្ឆជាតិ បក្សី ល្មូន ថនិកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ។ កត្តាសត្យានុម័តទាំងនេះ បានបង្កើតជាកាលានុវត្តភាពជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាការធ្វើសុខដុមនីយកម្មការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោករដ្ឋមន្ត្រី បានគុសបញ្ជាក់ទៀតថា ការបង្កើត «បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប-TEN» នឹងក្លាយជាយន្តការស្ថាប័នដ៏មានប្រសិទ្ធភាពមួយក្នុងការគៀងគរ គ្រប់ភាគីពាក់ព័ន្ធមកពីស្ថាប័នសាធារណៈ អង្គការដៃគូជាតិ និងអន្តរជាតិ និងដៃគូពាក់ព័ន្ធ វិស័យឯកជន ដើម្បីចែករំលែកព័ត៌មានបច្ចុប្បន្នភាពនៃវិស័យអេកូទេសចរណ៍ និងសហគមន៍ បញ្ហាប្រឈម ចែករំលែកមេរៀននៃការអនុវត្តល្អៗ ការកសាងសមត្ថភាព ការជំរុញសហគ្រិនភាព ឆ្ពោះទៅពង្រីកវិសាលភាពនៃវិស័យអេកូទេសចរណ៍ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទក្នុងមូលដ្ឋាន និងអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាព នៅតំបន់បឹងទន្លេសាបផងដែរ៕