(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី «សារៈសំខាន់នៃការបោះឆ្នោត» ជូនដល់សិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងរាជធានី ខេត្តទាំង២៥ជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៦ ខែតុលា និងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។

ក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះដោយមានការផ្តល់កិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជន ក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ ឲ្យបានទូលំទូលាយ និងដើម្បីជំរុញការចូលរួមរបស់យុវជនក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោត ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា វគ្គអប់រំ ផ្សព្វផ្សាយនេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងដល់យុវជនអំពីមូលដ្ឋានគ្រឹះ នៃសិទ្ធិបោះឆ្នោត តាមរយៈភាពមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្ពោះទៅរកការសម្រេចចិត្តបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ព្រោះការបោះឆ្នោត គឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ។

លោកមានការជឿជាក់ថា វគ្គអប់រំ ផ្សព្វផ្សាយនេះ នឹងក្លាយជាផ្នែកមួយជួយជំរុញដល់យុវជន ដែលគ្រប់អាយុបោះឆ្នោត ក្នុងការមកចុះឈ្មោះបោះឆ្នោត តាមពេលវេលាកំណត់របស់ គ.ជ.ប។ ចំពោះការចុះឈ្មោះបោះឆ្នោតឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

សូមជម្រាបជូនថា ក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មានការធ្វើបទបង្ហាញដោយមន្រ្តីជាន់ខ្ពស់របស់ គ.ជ.ប ទៅលើប្រធានបទចំនួន៤រួមមាន៖

* ប្រវត្តិ និងដំណើរការនៃការបោះឆ្នោត
* ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ
* សារៈសំខាន់នៃការបោះឆ្នោត តាមរយៈការចូលរួមរបស់យុវជនក្នុងសង្គមប្រជាធិបតេយ្យ
* ការចូលរួមរបស់យុវជនក្នុងដំណាក់កាលនៃការបោះឆ្នោត។

សូមបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួមនៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពីសារៈសំខាន់នៃការបោះឆ្នោត នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន សរុបទាំងពីរខេត្ត មានចំនួនប្រមាណ៦០០នាក់ ដែលជាសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីបោះឆ្នោត និងសិស្ស និសិ្សត៕