(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃសុក្រទី០៧ ខែតុលា ឆ្នាំ២០២២នេះ ឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីបំពាក់ឋានន្តរសក្តិជូនដល់នាយទាហាននៃកងរាជអាវុធហត្ថខេត្ត និងបានប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ចការងារខែវិច្ឆិកា និងទិសដៅអនុវត្តបន្តខែតុលា ឆ្នាំ២០២២។

នៅក្នុងឱកាសនេះ លោកឧត្ដមសេនីយ៍ បានណែនាំគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល «ភូមិឃុំមានសុវត្ថិភាព គឺភូមិឃុំគ្មានល្បែងស៊ីសង» ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ជាពិសេសបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គ្រប់រូបភាពនៃល្បែងស៊ីសង ត្រូវតែបង្រ្កាប និងបានណែនាំនូវពាក្យស្លោករបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៖
១៖ ប្រទេសជាតិត្រូវតែការពារ
២៖ ប្រជាត្រូវតែបម្រើ
៣៖ ច្បាប់ត្រូវតែគោរព
៤៖ បទល្មើសត្រូវតែបង្រ្កាប

ក្នុងឱកាសនេះផងដែរ លោកឧត្ដមសេនីយ៍ បានលើកឡើងពីប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១៧ ខែកញ្ញានេះតាមរយៈសារជាសម្លេងតាមបណ្តាញសង្គមដែល បានចេញបញ្ជាដាច់ណាត់ឱ្យអភិបាលខេត្ត អភិបាលរាជធានី អភិបាលស្រុក ខណ្ឌ ឃុំ ភូមិ នៅតាមភូមិឃុំ និងរដ្ឋបាលមូលដ្ឋានចាត់វិធានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមតូបគុយ ទាវ ហាងការហ្វេផ្សេងៗ និងកន្លែងលេងល្បែងនៅតាម មូលដ្ឋានឲ្យអស់ពីមូលដ្ឋាន របស់ខ្លួន។

លោក ឧត្ដមសេនីយ៍ បានថ្លែងក្នុងកិច្ចប្រជុំដោយប្តេជ្ញា និងបន្តយុទ្ធនាការដូចភ្លៀងរលឹមខណៈល្បែង​ស៊ីសងមានទាក់ទងនឹងបញ្ហាភូមិឃុំមានសុវត្ថិភាពដែលរដ្ឋាភិបាលប្រឹងប្រែងលុបបំបាត់៕