(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យរដ្ឋបាល និងអគារស្នាក់នៅរបស់សាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ និងការិយាល័យគយ និងរដ្ឋាករទំនប់រលក។ ទីតាំងអគារ ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមរបាយការណ៍សាងសង់អគារថ្មីរបស់សាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ និងការយាល័យគយ និងរដ្ឋាករទំនប់រលកនេះ ស្ថិតនៅលើដីទំហំ ៣,៥៣៩ម៉ែត្រការ៉េ បើកការដ្ឋានសាង សង់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ អគាររដ្ឋបាល និងអគារស្នាក់នៅរបស់ មន្រ្តីរាជការនៃសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ និងការិយាល័យទំនប់រលក បានបញ្ចប់ការសាងសង់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មានដូចជា៖

*ទី១៖ អគាររដ្ឋបាលមានទទឹង ១៨ម៉ែត្រ គុណ២៥ម៉ែត្រ កម្ពស់៥ជាន់ ទំហំផ្ទៃអគារ ២,០៦០,៨២ម៉ែត្រការ៉េ
*ទី២៖ អគារស្នាក់នៅ ១៤ម៉េត្រ គុណ៣២.២ម៉ែត្រ កម្ពស់៥ជាន់ ទំហំ២,៥៣៣,៣១ម៉ែត្រការ៉េ
*ទី៣៖ របងកម្ពស់ ២.៥ម៉ែត្រ បណ្តោយ ២៥០ម៉ែត្រ
*ទី៤៖ ចាក់បេតុងផ្លូវ និងទីលានខាងក្រៅអគារ ១,២៨០ម៉ែត្រការ៉េ
*ទី៥៖ បំពាក់ត្រង់ស្វូ ១គ្រឿង កម្លាំង ៣១៥KVA
*ទី៦៖ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតមានដូចជា កន្លែងស្នាក់នៅសម្រាប់ចុងភៅ និងសន្តិសុខ, អាហាដ្ឋាន, ប៉ុស្តិ៍សន្តិសុខ, ដងទង់ជាតិ, និងការងារបន្ទាប់បន្សំផ្សេងទៀត។

ក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងបានផ្តាំផ្ញើដល់មន្ត្រីសាខា និងមន្ត្រីស្នាក់ការសាខាគយ និងរដ្ឋាករទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បន្តខិតខំបំពេញការងារ ដើម្បីតបស្នង ចំពោះកិច្ចខិតខំប្រឹងប្រែងមន្ត្រីរបស់យើងទាំងអស់គ្នា ទន្ទឹមនឹងការតបស្នង គឺសុំឲ្យជាការលើកទឹកចិត្តចំពោះការយកចិត្តទុកដាក់ការខិតខំប្រឹងប្រែងបំពេញការងារភារកិច្ចរបស់ខ្លួនបន្ថែមទៀត។

លោក អូន ព័ន្ធមុន្នីរ័ត្ន បានបន្តថា ភារកិច្ចសំខាន់របស់យើង គឺការងារកៀគរប្រមូលចំណូលពន្ធ ការងារសម្របសម្រួលពាណិជ្ជកម្ម និងការងារចូលរួមចំណែកការពារសន្តិសុខ អធិបតេយ្យ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយសមិទ្ធផលដែលទទួលបាននាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យមានដូចជា៖ វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចសង្គម តាមរយៈការខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធគយ នៅតាមសាខា និងការិយាល័យនានានៅទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្នុងដំណើរបេសកកម្មរបស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ លោកបានអញ្ជើញចុះពិនិត្យផ្លូវល្បឿនលៀនភ្នំពេញ ខេត្តព្រះសីហនុ ការសម្ពោធការិយាល័យគយ និងរដ្ឋាករស្ទឹងហាវ, កាត់ខ្សែបូរសម្ពោធអគារការិយាល័យរដ្ឋបាល និងអគារស្នាក់នៅរបស់សាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ និងការិយាល័យគយនិងរដ្ឋាករទំនប់រលក, សម្ពោធអគារម៉ាស៊ីនស្កែននៅសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ, ពិនិត្យការដ្ឋានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ (Water Treatment Facility), ក្នុងក្រុងព្រះសីហនុ សម្ពោធអគាររដ្ឋបាលការិយាល័យគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និងពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ (វាលរេញ ត្រពាំងរពៅ) ផងដែរ៕