(ភ្នំពេញ)៖ កម្ពុជា នឹងដាក់ឲ្យដំណើរការសាកល្បង ប្រព័ន្ធតុលាការអេឡិចត្រូនិច ឬ E-court នៅតាមសាលាដំបូងមួយចំនួន ក្នុងឆ្នាំ២០២៣ខាងមុខ។ ប្រព័ន្ធតុលាការអេឡិកត្រូនិក ឬ E-court នេះផ្ដល់ភាពងាយស្រួលឲ្យភាគីនៃបណ្ដឹង និងមេធាវី អាចតាមដានរឿងក្ដីរបស់ខ្លួនពីចំណាយបាន ដោយមិនចាំបាច់សួរចៅក្រមដោយផ្ទាល់នោះឡើយ។

លោក ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះថា ដើម្បីដំណើរការការងារនេះទៅបានទាមទារឲ្យមានការគាំទ្រផ្នែកធនធានមនុស្ស ប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងយុត្តិធម៌» លោក ផូវ សំភី បានគូសបញ្ជាក់ថា ដំណើរការរៀបចំប្រព័ន្ធតុលាការអេឡិចត្រូនិកនេះ ក៏មានការចូលរួមពីដៃគូអភិវឌ្ឍន៍របស់អាល្លឺម៉ង់ កូរ៉េ ហ្វីលីពីន និងឥណ្ឌូនេស៉ី ដើម្បីជួយសរសេរប្រូក្រាមផងដែរ។

លោក ផូវ សំភី បានថ្លែងបែបនេះថា «យើងចាប់ផ្ដើមពីការចុះបញ្ជីសំណុំរឿងដោយប្រព័ន្ធកុំព្យូទ័រដែលអាចគ្រប់គ្រងទិន្នន័យបាន វិភាគទិន្នន័យបានទាន់ពេលវេលា អាចតាមដានរឿងក្ដីបាន ភាគីអាចដឹងអំពីចំណាត់ការរឿងក្ដីរបស់គាត់នៅពេលណាគ្រប់នាទីបានទាំងអស់។ បន្ដិចទៀតយើងមានបំណងដាក់ឲ្យភាគី មេធាវីដែលមានសិទ្ធិអាចតាមដានរឿងក្ដីរបស់គាត់តាមប្រព័ន្ធ E-court»

អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការរូបនេះ ក៏បានបញ្ជាក់អំពីទិសដៅបន្ថែមមួយចំនួនទៀត ជាពិសេសឈានដល់ការបញ្ជូនភ័ស្ដុតាងឲ្យគ្នាទៅវិញទៅមកតាមប្រព័ន្ធអេឡិកត្រូនិក និងការបើកសវនាការពីចម្ងាយ ឬការបើកសវនាការតាមអនឡាញ ដែលសម្រួលឲ្យគ្រប់ភាគីទាំងអស់ចំណេញពេលវេលា ចំណេញថវិកាក្នុងការធ្វើដំណើរ ក្នុងនោះបូករួមទាំងសុវត្ថិភាពសម្រាប់ជនជាប់ចោទ ជនត្រូវចោទថែមទៀតផង។

​យ៉ាងណាក៏ដោយ លោក ផូវ សំភី បានឲ្យដឹងដែរថា បច្ចុប្បន្ននេះការបំពាក់ប្រព័ន្ធចុះបញ្ជីសំណុំរឿងព្រហ្មទណ្ឌតាមប្រព័ន្ធអេឡិកត្រូនិក (CRDBMS) នៅតាមសាលាដំបូងរាជធានី-ខេត្ត ចំនួន២៥រួចរាល់ ដោយសហការជាមួយទីប្រឹក្សាផ្នែកព័ត៌មានវិទ្យា (IT Consultant) របស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (OHCHR) និងអង្គការ UNICEF ដែលជាដៃគូជួយផ្ដល់ការគាំទ្រផ្នែកសម្ភារៈកុំព្យូទ័រ បរិក្ខារព័ត៌មានវិទ្យា ជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១៥ មកទល់បច្ចុប្បន្ន។

លោកបន្ដថា OHCHR និងអង្គការ UNICEF កំពុងជួយផ្ដល់ទីប្រឹក្សាផ្នែកព័ត៌មានវិទ្យា និងសម្ភារៈកុំព្យូទ័រ បរិក្ខារព័ត៌មានវិទ្យា សម្រាប់ដំណើរការប្រព័ន្ធចុះបញ្ជីសំណុំរឿងព្រហ្មទណ្ឌតាមប្រព័ន្ធអេឡិកត្រូនិក (CRDBMS) នៅសាលាឧទ្ធរណ៍ទាំងអស់ ព្រមទាំងផ្ដល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសលើការចុះបញ្ជីសំណុំរឿងព្រហ្មទណ្ឌដល់មន្ត្រីទទួលបន្ទុកចុះបញ្ជីសំណុំរឿងផងដែរ។

សំណុំរឿងព្រហ្មទណ្ឌដែលត្រូវបានចុះបញ្ជីក្នុងប្រព័ន្ធ CRDBMS (តាមរយៈការវាយបញ្ចូលទិន្នន័យ) នៅតាមសាលាដំបូងរាជធានី-ខេត្តទាំងអស់ ជារៀងរាល់ឆ្នាំ សរុបជាមធ្យមមានចំនួនប្រមាណ ១៧,០០០សំណុំរឿង ហើយមកទល់បច្ចុប្បន្ន សំណុំរឿងព្រហ្មទណ្ឌដែលត្រូវបានបញ្ចូលក្នុងប្រព័ន្ធ CRDBMS រួច សរុបទូទាំងប្រទេសមានចំនួនប្រមាណ ១០០,០០០សំណុំរឿង។

បើតាមលោក ផូវ សំភី ការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីសំណុំរឿងព្រហ្មទណ្ឌតាមប្រព័ន្ធអេឡិកត្រូនិក (CRDBMS) បានជួយឲ្យសាលាជម្រះក្ដី និងភាគីពាក់ព័ន្ធ អាចតាមដានលំហូរនៃការដោះស្រាយសំណុំរឿងដោយងាយស្រួល និងអាចទាញយកទិន្នន័យសំណុំរឿងមកបង្កើតជារបាយការណ៍បានឆាប់រហ័ស ត្រឹមត្រូវ និងទាន់ពេលវេលា។

ម្យ៉ាងទៀតការផ្ទេរទិន្នន័យចូលមកមជ្ឈមណ្ឌលសេវូបករណ៍ (Central Server) ជួយរក្សាសុវត្ថិភាពទិន្នន័យរបស់សាលាជម្រះក្ដី ផ្ដល់លទ្ធភាពក្នុងការតភ្ជាប់គ្នារវាងសាលាជម្រះក្ដីទូទាំងប្រទេស អាចពង្រីកវិសាលភាពនៃប្រព័ន្ធ និងអាចឲ្យថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ងាយស្រួលទាញយកទិន្នន័យមកប្រើប្រាស់ មកវិភាគ និងដាក់ចេញនូវវិធានការនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕