(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាល់ការលេងកីឡាគ្រប់ប្រភេទ នឹងត្រូវតែលើកទឹកចិត្ត ក្នុងនោះវិស័យកីឡាបាល់ទះ ក៏ប៉ុន្តែលោកហាមមិនឱ្យមានការបង្កប់ការភ្នាល់ស៉ីសងខុសច្បាប់ជាដាច់ខាត។

ការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការបង្ក្រាប់ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។

ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស ក្រោមអធបិតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជាសមត្ថកិច្ចយើងលើកទឹកចិត្តឱ្យលេងកីឡា សមត្ថកិច្ចមានការសប្បាយរីករាយណាស់ដែលមានការចូលរួមពីយុវជន និងការចូលលេងកីឡាពីប្រជាពលរដ្ឋពិតប្រាកដ ប៉ុន្តែក្នុងការលេងកីឡានេះ មានការភ្នាល់នៅខាងក្រោយហ្នឹង ហើយអ្នកលេងកីឡា (បាល់ទះ) ហ្នឹងពូកែៗ បើលេងកីឡាបាល់ទះ ពិតប្រាកដ គឺលើកទឹកចិត្ត ប៉ុន្តែ បើមានការភ្នាល់គ្នា គឺមិនអនុញ្ញាតឱ្យលេងទេ»

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ មិនបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ចុះណែនាំ ឬធ្វើកិច្ចសន្យាចំពោះម្ចាស់តារាងបាល់ទះ និងប្រជាពលរដ្ឋចិញ្ចឹមមាន់ជល់នៅផ្ទះនោះឡើយ ខណៈថ្មីៗនេះ មានសមត្ថកិច្ចនៅតាមបណ្តាខេត្តមួយចំនួន ចុះអនុវត្តហាមប្រាមមិនឱ្យប្រជាពលរដ្ឋបើកតារាងបាល់ទះ និងមិនឱ្យប្រជាពលរដ្ឋចិញ្ចឹមមាន់ជល់នៅក្នុងភូមិដ្ឋានឡើយ។

ដោយឡែកចំពោះករណី សមត្ថកិច្ចចុះទៅបិទ និងណែនាំទៅដល់ម្ចាស់តារាងបាល់ទះនាពេលកន្លងទៅនោះ នាយឧត្តមសេនីយ៍ បានឱ្យដឹងថា ជាវិធានការរបស់ក្រសួងមហាផ្ទៃ គឺតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តចំពោះតែម្ចាស់តារាងបាល់ទះ ដែលបើកឱ្យមានការភ្នាល់ជាលុយតែប៉ុណ្ណោះ។ សម្រាប់តារាងបាល់ទះដែលបើកឱ្យប្រជាពលរដ្ឋលេង ដើម្បីសុខភាព គឺអនុញ្ញាតឱ្យបើកដំណើរការធម្មតា។

«ជាការពិតណាស់សកម្មភាពអ្វីមួយ គឺតែងតែទទួលបានការសាទរ និងទទួលបានការរិះគន់ផង ប៉ុន្តែសមត្ថកិច្ចរបស់យើងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងតទៅទៀត ដើម្បីធ្វើយ៉ាងណាបង្ក្រាបបទល្មើសល្បែងស៉ីសង ឬក៏ការជួញដូរមនុស្សឱ្យបាន ដើម្បីផលប្រយោជន៍របស់សង្គមជាតិយើង ព្រមទាំងសុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋ»។ នេះជាលើកឡើងបន្ថែមរបស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានប្រកាសស្វាគមន៍រាល់ព័ត៌មានទាំងឡាយណាដែលនាំទៅរកការស៊ើបអង្កេត និងការស្វែងរកឃើញទីតាំងប្រព្រឹត្តបទល្មើស រហូតឈានទៅចាប់ជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់៕