(សៀមរាប)៖ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ លោក ជា សុផារ៉ា បានផ្តល់ស្នាមញញឹមជាថ្មីដល់ពលរដ្ឋក្នុងឃុំព្រះដាក់ ដែលមានការបារម្ភចំពោះការបង្ខំឱ្យរុះរើផ្ទះចេញទៅនៅទីតាំងថ្មី។

ក្នុងពិធីសំណេះសំណាល និងផ្តល់ព័ត៌មានជាក់លាក់ដល់ពលរដ្ឋឃុំព្រះដាក់នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោក ជា សុផារ៉ា បានថ្លែងទៅប្រជាពលរដ្ឋច្បាស់ៗថា ករណីប្រជាពលរដ្ឋនៅឃុំព្រះដាក់ គឺឈរលើករណីស្ម័គ្រចិត្តតែប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាលមិនបានបង្ខំឱ្យចេញពីស្រុកចាស់នេះទេ។ កន្លងមក រាជរដ្ឋាភិបាលមានបំណងដាក់បញ្ចូលទឹកក្នុងបារាយណ៍ខាងកើតឡើងវិញ ដែលអាចមានទឹកប្រើប្រាស់ចំនួន ៣០លានម៉ែត្រគីប តែដោយករណីប៉ះពាល់ច្រើន ទើបរាជរដ្ឋាភិបាលពិចារណាដាក់បញ្ចូលទឹកតែមួយផ្នែកប៉ុណ្ណោះ គឺនៅផ្នែកខាងលិច ដែលភាគច្រើនជាដីស្រែ។

ក្រៅពីបញ្ជាក់ច្បាស់ហើយនោះ លោក ជា សុផារ៉ា ឱ្យពលរដ្ឋម្ចាស់ស្រុកធ្វើយ៉ាងណា ទប់ស្កាត់កុំឱ្យមានសំណង់ថ្មីកើនឡើង រក្សាទំនៀមទម្លាប់ពីបុរាណ និងកុំប៉ះពាល់ដល់ទីបុរាណដ្ឋាននានានៅក្នុងភូមិ ដើម្បីរក្សាតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ។

ប្រជាពលរដ្ឋដែលបានចូលរួម បានសម្ដែងអារម្មណ៍រីករាយជាខ្លាំងក្រោយស្ដាប់ការបកស្រាយរបស់លោក ជា សុផារ៉ា។ លោកតា ភួន មានវ័យ៦០ឆ្នាំជាងរស់នៅភូមិព្រះដាក់ ប្រាប់ថា ពីមុនលោកមានអារម្មណ៍ភ័យព្រួយជាខ្លាំង តែឥឡូវបានសប្បាយរីករាយឡើងវិញហើយ៕