(ព្រះវិហារ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រកាសផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩៥ ក្នុងភូមិសាស្ត្រស្រុកជ័យសែន ខេត្តព្រះវិហារ។

យោងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងដងស្ទឹងសែន បានបន្តឡើងដល់កម្រិតប្រកាសអាសន្ន​ ធ្វើឱ្យផ្លូវថ្នល់ ស្ពាន​ មិនអាចទ្រាំទ្រនឹងរថយន្តដឹកទំនិញធុនធ្ងន់បានទេ។

អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ​ សូមបិទចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្ន​ ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ​ នៅលើកំណាត់ផ្លូវជាតិលេខ៩៥​ ចាប់ពីចំណុចគីឡូម៉ែត្រលេខ៤០​ ដល់គីឡូម៉ែត្រលេខ៤១​ ស្ថិតក្នុងភូមិពុទ្រា​ ឃុំពុទ្រា​ ស្រុកជ័យសែន​ ចាប់ពីថ្ងៃជូនដំណឹងនេះ​ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី​ ដើម្បីថែរក្សាផ្លូវថ្នល់​ ស្ពានកុំឱ្យបាក់ស្រុត​ និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ៖