(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនការរយៈពេល១ព្រឹកទៀត នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមលើសំណុំរឿងទាំងពីររបស់ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន នៅវេលាម៉ោង៣រសៀលនេះតែម្តងទៀត។

សំណុំរឿងបរិហារកេរ្តិ៍ទាំង២នេះ គឺមួយប្តឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមួយទៀតប្តឹងដោយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពី លោក សុន ឆ័យ បានចោទប្រកាន់ថា ការបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ មានការទិញ និងលួចបន្លំសន្លឹកឆ្នោត។

នៅក្នុងសំណុំរឿងទាំងពីរនេះ លោក សុន ឆ័យ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា។

ក្នុងពាក្យបណ្តឹងដែលបានដាក់ចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក គី តិច មេធាវីគណបក្សប្រជាជនកម្ពុជា បានប្តឹងថា ការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់លោកសុន ឆ័យ ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានមួយចំនួនកន្លងមកនោះ គឺជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត ជាការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត លើគណបក្សប្រជាជនកម្ពុជា ។

លោកមេធាវី គី តិច បានស្នើសុំឱ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ សុន ឆ័យ តាមបញ្ញត្តិច្បាប់ និងទាមទារសងសំណងជំងឺចិត្តនៃការខូចខាតជូនគណបក្សប្រជាជនកម្ពុជា ៤ពាន់លានរៀល ។

ចំណែក ពាក្យបណ្តឹងរបស់ គ.ជ.បវិញ គឺគ.ជ.ប បានស្នើឲ្យតុលាការផ្ដន្ទាទោសឈ្មោះ សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងទាមទារឱ្យឈ្មោះ សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ៕