(រតនគិរី)៖ លោក សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី បានទទួលមរណភាពពេលក្រុមគ្រួសារ និងសមត្ថកិច្ចដឹកបញ្ជូនទៅកា​ន់មន្ទីរពេទ្យ ក្រោយម៉ូតូកែច្នៃបុក កាលពីវេលាម៉ោង ១៨៖៤០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចមុខសាលាបឋមសិក្សាឡាបានសៀក ភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

លោកវរសេនីយ៍ទោ ម៉ៅ ភារម្យ នាយរងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៧ ខែតុលាថា លោក សុខ វុឌ្ឍី អាយុ៦៦ឆ្នាំ មុខរបរសមាជិកក្រុមប្រឹក្សាខេត្តរតនគិរី មានទីលំនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង បានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

បើតាមលោក ម៉ៅ ភារម្យ អ្នកបើកម៉ូតូឈ្មោះ ស៊ីម ឡាយ អាយុ១៦ឆ្នាំ មានទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង របួសធ្ងន់ (បែកក្បាលឈាមហូរតាមច្រមុះ រលាត់ជើង និងខ្លួន) ហើយកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោមការយាមកាមពីសមត្ថកិច្ចផងដែរ។

លោកវរសេនីយ៍ទោ ម៉ៅ ភារម្យ បានបញ្ជាក់ទៀតថា ម៉ូតូត្រូវយកមករក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីបំពេញសំណុំរឿងទៅតាមនីតិវិធី។ ដោយឡែកសពប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅភ្នំពេញ ដោយក្តីសោកសង្រេងជាទីបំផុត។

ជាការកត់សម្គាល់លោក សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកគណៈកម្មាធិការកាកបាទក្រហមខេត្តរតនគិរី បានរួមចំណែកជាមួយថ្នាក់ដឹកនាំខេត្ត ក្នុងការអភិវឌ្ឍន៍ខេត្តទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រក្នុងកិច្ចការមនុស្សធ៌មយ៉ាងសស្រាក់សស្រាំ ដោយក្តីសោមនស្សរីករាយ។

លោក សុខ វុឌ្ឍី ជាមនុស្សរួសរាយ និងប្រកបដោយគុណធ៌ម សីលធ៌មចំពោះមនុស្សទូទៅ៕