(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ប្រទេសគុយបា គឺជាមិត្តដ៏ល្អរបស់កម្ពុជា ខណៈដែលប្រទេសទាំងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា តាំងពីយូរយាណាស់មកហើយ។

ការលើកឡើងរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ ចូលជូបសម្តែងការគួរសម នៅពេលដែលលោកបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា។

សម្តេចបានចាត់ទុកវត្តមានរបស់ លោកនាយករដ្ឋមន្រ្តីគុយបា នៅពេលនេះថា ជាការរួមចំណែកបន្ថែមទៀតក្នុងការជំរុញសន្ទុះកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ឱ្យបានកាន់តែប្រសើរថែមមួយកំរិតទៀត ស្របតាមបរិបទតំបន់ និងសកលលោកបច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ សម្តេចបានស្នើលោកនាយករដ្ឋមន្រ្តី ជួយជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទំាងពីរ ដែលនៅមានកម្រិតឱ្យមានការរីកចម្រើនប្រសើរឡើង។

នៅក្នុងឱកាសនោះ លោកម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់កិត្តិយសដល់ឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកបានលើកឡើងថា លោកបានតាមដានពីវីរភាពរបស់ សម្តេចប្រធានរដ្ឋសភា ដែលបានចូលរួមរំដោះ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិជារៀងរហូតមក។

លោកនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសគុយបា កាលពីពេលថ្មីៗនេះប្រកបដោយជោគជ័យ និងដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជានាពេលនេះ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគប្រទេសទំាងពីរ នឹងមានការរីកចម្រើន។ ជាមួយគ្នានេះ លោកបានពាំនាំនូវលិខិតអញ្ជើញរបស់លោកប្រធានរដ្ឋសភាគុយបា គោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅគុយបា។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា តាំងពីយូរយាណាស់មកហើយ។ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៦២ នៃទំនាក់ទំនង ចំណងមិត្តភាពយូរអង្វែងនៃប្រទេសទាំងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា គុយបា ជាមិត្តដ៏ល្អរបស់កម្ពុជា ហើយតែងជួយឧបត្ថម្ភគាំទ្រកម្ពុជា នៅគ្រប់កាលៈទេសៈ។ ជាក់ស្តែងនៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩ មិត្តគុយបា បានផ្តល់ជំនួយបន្ទាន់ ផ្នែកសង្គមកិច្ច សុខាភិបាល និងអប់រំ ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា ក្នុងគ្រាក្រលំបាក ស្របតាមសុភាសិតខ្មែរ «មិត្តល្អជួយគ្នា ក្នុងគ្រាក្រ»។

សម្តេចសូមគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋគុយបា កាលពីសបា្តហ៍មុន ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យប្រសើរឡើងថែមទៀត សំដៅរួមចំណែកផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។

សម្តេចអគ្គមហាពាញចក្រី ហេង សំរិន ទទួលយកការគោរព អញ្ជើញរបស់ ប្រធានរដ្ឋសភាគុយបា និងបានសន្យាថា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសគុយបា ក្នុងពេលវេលាសមស្របណាមួយ៕