(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើ លោក ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ពិចារណាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសុខាភិបាល ខណៈប្រទេសនេះជាប្រទេសមួយដែលផលិតវ៉ាក់សាំងកូវីដ១៩។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចទទួលជួបពិភាក្សាទ្វេភាគីជាមួយ លោក ម៉ារ៉េរ៉ូ គ្រុស នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ខណៈដែលនាយករដ្ឋមន្ត្រីគុយបា ទស្សនកិច្ចផ្លូវការនៅកម្ពុជា។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីគុយបា បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋាកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ចំពោះទស្សនកិច្ចរបស់លោក។

លោកថា លោកនាយករដ្ឋមន្ត្រីបានជម្រាបអំពីស្ថានភាពទូទៅ នៅប្រទេសគុយបា ដែលរួមមានគ្រប់គ្រងជំងឺកូវីដ១៩ និងសេដ្ឋកិច្ចនៅគុយបា ហើយលោកបានសម្តែងនូវឆន្ទៈ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានទំនាក់ទំនងដែលមានស្រាប់ ជំរុញការអនុវត្តនូវរាល់អនុស្សារណៈដែលបានចុះហត្ថលេខាហើយ ដែលក្នុងនោះមានវិស័យអប់រំ សុខាភិបាល វិស័យវប្បធម៌ និងវិស័យដទៃទៀត

ចំណែក សម្តេចបានឯកភាពទៅនឹងអ្វីដែលបានលើកឡើងដោយ នាយករដ្ឋមន្ត្រីគុយបា ហើយសម្តេចក៏វាយតម្លៃខ្ពស់ចំពោះ កិច្ចប្រឹងប្រែង និងជោគជ័យដែលគុយបា បានទទួល នោះគឺការផលិតវ៉ាក់សាំង។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា «សម្តេចតេជោ បានស្នើសុំឱ្យគុយបា ពិនិត្យពិចារណាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាយើងជាពិសេសលើវិស័យសុខាភិបាលនេះ និងវិស័យដទៃទៀត ដែលជារួម​មានទាំងវិស័យកីឡា វិនិយោគ និងវិស័យព័ត៌មានជាដើម»

សម្តេចក៏បានសម្តែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនគុយបា ដែលកន្លងមកជួយដល់កម្ពុជា ជាពិសេសនៅដំណាក់កាលដែលកម្ពុជាទើបរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគុយបាបានជួួយឧបត្ថម្ភវិស័យសុខាភិបាល និងវិស័យដទៃទៀតដល់កម្ពុជា៕