(ភ្នំពេញ)៖ ឯកសារចំនួន២ ដែលជាកិច្ចព្រមព្រៀងរវាងកម្ពុជា-គុយបា ត្រូវបានចុះហត្ថលេខា នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា។

ពិធីចុះហត្ថលេខា​បានធ្វើឡើងនៅវិមានសន្តិភាព បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីរវាង សម្តេចតេជោ និងលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក្នុងនោះមាន៖

១៖ កម្មវិធីសហប្រតិបត្តិការ និងផ្លាស់ប្ដូរវប្បធម៌រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌នៃសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំ ២០២២ ដល់ ២០២៧

២៖ កិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបតិ្តការក្នុងវិស័យអប់រំកាយ វប្បធម៌ និងកីឡា រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានជាតិ កីឡា អប់រំ កាយ និងកម្សាន្ដនៃសាធារណរដ្ឋគុយបា

ឯកសារចំនួន២នេះ ត្រូវបានចុះអំឡុងពេលទស្សនកិច្ចរបស់ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា មកកាន់ប្រទេសកម្ពុជា ដែលទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន។

កាលពីអំឡុងទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសគុយបា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារចំនួន៣ផងដែរ ក្នុងនោះរួមមាន៖

១៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល រវាងក្រសួង សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខភាពសាធារណៈ នៃសាធារណរដ្ឋគុយបា។

២៖ ផែនការសហប្រតិបត្តិការរវាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋគុយបាសម្រាប់ ឆ្នាំ២០២២-២០២៥។

៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានជាន់ខ្ពស់ទំនាក់ទំនងអន្តរជាតិ RAÚL ROA GARCÍA នៃក្រសួងការបរទេសនៃសាធារណរដ្ឋគុយបា៕