(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីប្រទេសគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ស្អែកនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ក្នុងបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីគុយបា នៅកម្ពុជា ដែលរាប់បានថាជាការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឡើងវិញរវាងមិត្តភក្តិចាស់នេះ អង្គភាពព័ត៌មាន Fresh News សូមលើកបង្ហាញនូវប្រវត្តិទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមួយចំនួនរវាងកម្ពុជា និងគុយបា។

គុយបា ជាប្រទេសស្ថិតនៅឈូងសមុទ្រការ៉ាអ៉ីប មានរដ្ឋធានីឡាហាវ៉ាន់ (Havana)។ ប្រទេសដែនកោះហ៊ុមព័ទ្ធដោយសមុទ្រមួយនេះ មានផ្ទៃដីសរុប ១១០,៨៦០គីឡូម៉ែត្រក្រឡា និងមានប្រជាជនសរុបចំនួន ១១លាននាក់។ ប្រទេសនេះ ប្រើភាសាអេស្ប៉ាញ ជាភាសាផ្លូវការ និងកាន់សាសនារូម៉ាំងកាតូលិក។

ប្រទេសគុយបា មានផលិតផលក្នុងស្រុក ប្រមាណ ៩៣.៩០ប៊ីលានដុល្លារ។ ប្រជាពលរដ្ឋមានចំណូលប្រចាំឆ្នាំប្រមាណ ៦,៥៧០ដុល្លារ។ សេដ្ឋកិច្ចប្រទេសនេះ ពឹងផ្អែកលើវិស័យសំខាន់ៗចំនួន៣ រួមមាន កសិកម្ម (៣.៧៨%), ឧស្សាហកម្ម (២៥.១២%) និងសេវាកម្ម (៦៩.៩៧%)។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសគុយបា មានដូចជា ប្រេស៊ីល, ចិន, អាល្លឺម៉ង់, ឥណ្ឌូនេស៊ី, អ៉ីតាលី, លីបង់, ម៉ិចសិច, រុស្ស៉ី, អេស្ប៉ាញ វេណេស៊ុយអេឡា។ល។

ចាប់តាំងពីឆ្នាំ១៩៥៩មក គុយបា មានប្រព័ន្ធនយោបាយសង្គមនិយម ដឹកនាំប្រទេសតាមបែបមនោគមវិជ្ជាម៉ាក្ស-លេនីននិយម ដោយប្រកាន់យកគោលការណ៍ «រដ្ឋមួយ គណបក្សតែមួយ»

សម្រាប់ទំនាក់ទំនងទ្វេភាគីវិញ កម្ពុជា និងគុយបា បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០។ នៅឆ្នាំ១៩៧០ ប្រទេសគុយបា បានទទួលស្គាល់រដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា ដឹកនាំដោយសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅឆ្នាំ១៩៧៩ គុយបា បានបើកដំណើរការស្ថានទូតនៅភ្នំពេញឡើងវិញ។

គុយបា គឺជាមិត្តចាស់របស់កម្ពុជា ហើយក៏ជាប្រទេសបានជួយជ្រោមជ្រែងយ៉ាងខ្លាំងសម្រាប់ការរស់ឡើងវិញរបស់កម្ពុជា ក្រោយពេលវាយផ្តួលរំលំរបបប្រល័យពូជសាសន៍នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

គុយបា គឺជាមិត្តដ៏ល្អមួយរបស់កម្ពុជា ដែលកម្ពុជាតែងតែចងចាំនូវគុណបំណាច់របស់គុយបា បានធ្វើមកលើប្រទេស និងប្រជាជនកម្ពុជា ក្នុងគ្រាដ៏ក្រីក្រ និងវេទនាបំផុត។ តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងគុយបា ហាក់កប់ជ្រៅក្នុងរយៈប្រមាណជា២ទសវត្សរ៍ចុងក្រោយនេះ។

ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយមិត្តចាស់ឡើងវិញ កាលពីថ្ងៃទី២៣ ដល់២៥ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅគុយបា តបតាមការអញ្ជើញរបស់ប្រធានាធិបតី មីហ្គែល ឌីយ៉ាស-ខាណែល។

ក្នុងកំលុងទស្សនកិច្ចផ្លូវការ សម្តេចតេជោ បានជួបជាមួយ លោក អេស្តេបាន ឡាហ្សូ ហីណាន់ដេស ប្រធានសភាគុយបា, ជួបសម្តែងការគួរសមជាមួយ លោក រ៉ាអ៊ូល កាស្ត្រូ អតីតប្រធានាធិបតីគុយបា និងជាប្អូនរបស់លោក ហ្វីដែល កាស្រ្តូ និងបានទស្សនាមជ្ឈមណ្ឌល ហ្វីដែល កាស្រ្តូ និងមជ្ឈមណ្ឌល វិស្វកម្មហ្ស៊េន និងបច្ចេកវិទ្យាជីវៈ និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណខណ្ឌនៅវិមានអនុស្សាវរីយ៍ ចូហ្សេម៉ាទី។ សម្តេចតេជោ ក៏បានជួបនិស្សិតកម្ពុជាផងដែរ។

ក្នុងដំណើរទស្សនកិច្ចនៅគុយបា សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អំណោយអង្ករ ៦ពាន់តោនដល់រដ្ឋាភិបាល និងប្រជាជនគុយបា។ បន្ថែមពីលើនោះ ភាគីទាំងពីរ បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន០៣ រួមមាន៖
១៖ អនុស្សារណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខភាពសាធារណៈគុយបា
២៖ ផែនការសហប្រតិបត្តិការរវាងក្រសួងការបរទេសគុយបា និងក្រសួងការបរទេសកម្ពុជា
៣៖ អនុស្សារណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានឧត្តមសិក្សាទំនាក់ទំនងអន្តរជាតិ នៃសាធារណរដ្ឋគុយបា និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ របស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកសំណើរៀបចំឱ្យមានទស្សនកិច្ចរបស់ក្រុមអ្នកបច្ចេកទេសផ្នែកកសិកម្ម ដើម្បីសិក្សាស្រាវជ្រាវផ្នែកកសិកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើដំណាំស្រូវ។ សម្ដេចតេជោបញ្ជាក់ថា កម្ពុជា រ៉ាប់រងរាល់ការចំណាយលើការសិក្សាស្រាវជ្រាវនេះ ។

ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល អប់រំ កីឡា និងវប្បធម៌ រួមទាំងបញ្ហាតំបន់ និងអន្ដរជាតិផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបំពេញទស្សនកិច្ចនៅប្រទេសគុយបា កាលពីខែមេសា ឆ្នាំ២០០០ផងដែរ ដើម្បីចូលរួមកិច្ចប្រជុំខាងត្បូង នៃក្រុមប្រទេស៧៧ ក្នុងទីក្រុងឡាហាវ៉ាន់។ នៅថ្ងៃទី៩ ដល់១២ ខែកញ្ញា ឆ្នាំ១៩៩៩ សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងឡាហាវ៉ាន់ ប្រទេសគុយបា ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅអាមេរិកខាងជើង ដែលរួមមានការបើកសម័យប្រជុំលើកទី៥៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលនៃប្រទេសនិយាយភាសាបារាំងនៅប្រទេសកាណាដា។

ក្រៅតែពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីហើយនោះ មន្ត្រីជាន់ខ្ពស់គុយបា និងកម្ពុជា ក៏ធ្លាប់បានធ្វើដំណើរទស្សនកិច្ចរវាងគ្នាផងដែរ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ នៅថ្ងៃទី០១ ដល់ទី០៣ ខែកញ្ញា ឆ្នាំ២០២២ លោក ចឺរ៉ាដូ ផេណ៉ាល់វើ ផតថល អនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេសគុយបា បានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងបានជួបសម្តែងការគួរសមជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងចូលរួមកិច្ចពិគ្រោះយោបល់លោកទី២ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

នៅថ្ងៃទី១៥ ដល់ទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស បានបំពេញទស្សនកិច្ច និងចូលរួមកិច្ចពិគ្រោះយោបល់នយោបាយនៅទីក្រុងឡាហាវ៉ាន់

ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយលោក ប្រ៉ូណូ រូឌ្រីហ្គេ ប៉ារីឡា រដ្ឋមន្ដ្រីនៃក្រសួងការបរទេសគុយបា ក្នុងអំឡុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧២។

បើទោះបីកម្ពុជា និងគុយបា ជាមិត្តមានអាយុកាលយូរអង្វែងយ៉ាងណាក្តី តែបើក្រឡេកទៅមើលកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនៅមានកម្រិតតិចតួចនៅឡើយ។ យោងតាមរបាយការណ៍ បានបង្ហាញថា នៅឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានត្រឹមជាង ៣៤ម៉ឺនដុល្លារប៉ុណ្ណោះ។ ផលិតផលសំខាន់ៗដែលកម្ពុជា នាំចូលពីគុយបាមានដូចជា៖ បារី ថ្នាំជក់ និងផលិតផលជំនួសថ្នាំជក់ ឱសថ ឈាមមនុស្ស ឈាមសត្វដែលផ្សំដើម្បីព្យាបាល ការពារ ឬវិនិច័្ឆយរោគ ថ្នាំជក់ឆៅ និងសំណល់ថ្នាក់ជក់ ស៊ីហ្គា ស៊ីហ្គាតូចៗ អេទីលអាល់កុល ស្រា ស្រាលាយ។ល។

ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅគុយបា មានដូចជា៖ ស្បែកជើង ស្បែកសត្វ ស្បែកលាយ និងវាយនភ័ណ្ឌ។ល។

បើទោះបីទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងគុយបា មិនសូវជាល្អប្រសើរ តែប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការនឹងគ្នាលើវិស័យជាច្រើនផ្សេងទៀត មានដូចជា៖ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល, វិស័យអប់រំ និងកីឡា និង វិស័យកសិកម្ម។

ផ្អែកលើកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល ចាប់ពីទសវត្សរ៍៨០មក គុយបា បានផ្តល់អាហារូបករណ៍ដល់និស្សិតពេទ្យកម្ពុជាទៅសិក្សានៅគុយបា ក្នុងមុខជំនាញវេជ្ជសាស្ត្រចំនួន ៣៦រូប។

ពាក់ព័ន្ធការអប់រំវិញ ចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២១ មានសិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជាចំនួន ១៤៤រូប បានទទួលអាហាររូបករណ៍ទៅសិក្សាថ្នាក់ក្រោយឧត្តម និងថ្នាក់ឧត្តមនៅប្រទេសគុយបា តាមការប្រឡងជ្រើសរើស និងបញ្ជូនរបស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។

គិតត្រឹមខែសីហា ឆ្នាំ២០២២ មាននិសិ្សតកម្ពុជាចំនួន០៦នាក់ កំពុងសិក្សានៅគុយបា៕