(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណ៥០០គ្រួសារ រស់នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានដោយសារគ្រោះទឹកជំនន់។

បន្ទាប់ពីធ្វេីដំណេីរចុះពិនិត្យទឹកជំនន់ក្នុងខេត្ត៣ រួមមាន៖ សៀមរាប, ឧត្តរមានជ័យ និងបន្ទាយមានជ័យ, ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមឃេីញថា មានខេត្ត៥ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងរួមមាន៖ កំពង់ធំ ព្រះវិហារ, សៀមរាប, ឧត្តរមានជ័យ និងបន្ទាយមានជ័យ។

ទេសរដ្ឋមន្រ្តី គន់ គីម បានបន្តថា ក្នុងចំណោមខេត្តទាំង៥ឃេីញថា ស្ថានភាពចំពោះខេត្តកំពង់ធំ និងព្រះវិហារ ទឹកបានថមថយ និងហូរចូលបឹងទន្លេសាបជាបន្តបន្ទាប់ ប៉ុន្តែខេត្ត៣ទៀត បានរងផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ទេសរដ្ឋមន្រ្តី បានថ្លែងថា ក្នុងនាមសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យដោយផ្ទាល់ អំពីការលំបាក ការខូចខាត ឬការជម្លៀសប្រជាជនទៅទីទួលសុវត្ថិភាព។ ជាក់ស្តែងការជម្លៀសប្រជាជនមានតែពីរខេត្តប៉ុណ្ណោះ គឺឧត្តរមានជ័យ និងបន្ទាយមានជ័យ ដោយក្នុងចំណោមខេត្តនីមួយៗបានជម្លៀសប្រជាជនប្រមាណជាង ២០០គ្រួសារ។

ទេសរដ្ឋមន្រ្តី គន់ គីម សូមអំពាវនាវដល់ប្រជាជនតាមខេត្តដែលបានចុះពិនិត្យ ត្រូវយកចិត្តទុកដាក់ តាមដាន និងប្រុងប្រយ័ត្នជាប់ជាប្រចាំជាពិសេសសូមស្នេីមន្ទីរធនធានទឹក ត្រូវជូនដំណឹងជាបន្ទាន់ដល់ប្រជាជនមុនបេីកទ្វារទឹករបស់ខ្លួន ដោយសារបញ្ហានេះអាចបង្កឱ្យលិចលង់ក្នុងរយៈពេលខ្លីបំផុត។

ទេសរដ្ឋមន្រ្តី បានបន្ថែមថា ទោះបីស្ថិតក្នុងកាលៈទេស:មិនប្រឈមធ្ងន់ធ្ងរក្តី ប៉ុន្តែគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចរាល់ ជាមួយបណ្តាកងឯកភាពរុករក និងសង្គ្រោះមហន្តរាយសរុបទាំង១៦កង ដើម្បីឆ្លើយតបចំពោះហេតុការណ៍ដែលអាចកើតឡើងជាយថាហេតុ ពិសេសគឺជំនន់ទឹកភ្លៀងដែលកម្ពុជាតែងតែប្រឈមជារៀងរាល់ឆ្នាំ។

បន្ថែមលេីសពីនេះ ទេសរដ្ឋមន្រ្តី បានណែនាំដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្តទាំងអស់ មេត្តាយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានសភាពការណ៍នេះ និងត្រូវរាយការណ៍ ជាបន្ទាន់ទៅកងអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយក្នុងករណីការអន្តរាគមន៍លើសពីសមត្ថភាពរបស់ខ្លួន ដើម្បីធានាការជួយសង្គ្រោះជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕