(ភ្នំពេញ)៖ លោកស្រី ហ្វរូហ្គ ហ្វយូហ្សិថ (Foroogh Foyouzat) នាយិកាអង្គការយូនីសេហ្វ ប្រចាំកម្ពុជា បានបញ្ជាក់ថា អង្គការលោកស្រីនឹងប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ទាក់ទងនឹងការបន្តតស៊ូមតិ ដើម្បីបង្កើននូវថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកក្នុងការកសាងសមត្ថភាពនៅគ្រប់កម្រិត ជាពិសេសផ្តោតលើតម្រូវការ និងគម្លាតខ្វះខាតផ្នែកសមត្ថភាពនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់។

ការបញ្ជាក់បែបនេះ រ បស់លោកស្រី ហ្វរូហ្គ ហ្វយូហ្សិថ បានធ្វើឡើងក្នុងឱកាសលោកស្រីបានចូលរួមក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១ ក្រោមអធិបតីភាពរបស់ើសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីកម្ពុជា នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

ជាមួយគ្នានេះដែរ លោកស្រី ហ្វរូហ្គ ហ្វយូហ្សិថ ក៏បង្ហាញពីការសប្បាយរីករាយចំពោះលទ្ធផលនៃការខិតខំរួមគ្នារវាងអង្គការយូនីសេហ្វ និងក្រសួងមហាផ្ទៃ ការវិភាគថវិកាជាមធ្យមសម្រាប់សេវាសង្គមនៅថ្នាក់រាជធានី-ខេត្ត នៅឆ្នាំ២០២០ ដល់ឆ្នាំ២០២២ មានប្រមាណ១០ភាគរយ នៃថវិកាអភិវឌ្ឍន៍ ដែលមានចំ នួនកើនឡើង៣ភាគរយ នៅឆ្នាំ២០១៧។

លោកស្រីក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើនកម្រិតវិភាជថវិកានៅថ្នាក់រាជធានី-ខេត្ត សម្រាប់សេវាសង្គមឱ្យដល់១០ភាគរយ ពីអត្រា៥ភាគរយ ដែលបានកំណត់ ក្នុងឆ្នាំ២០១៨ ដោយក្រសួងមហាផ្ទៃ ដោយមានការពិគ្រោះយោបល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ព្រមទាំងសង្ឃឹមថា ការបន្តពិភាក្សាគ្នារវាងក្រសួងទាំងពីរ នឹងឈានដល់កិច្ចព្រមព្រៀងកម្រិតថវិកា២០ភាគរយ នៃថវិកាអភិវឌ្ឍន៍នៅថ្នាក់ឃុំ សង្កាត់ឆាប់ៗនេះ។

នាយិកាអង្គការយូនីសេហ្វ ប្រចាំកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ទាក់ទងនឹងការបន្តតស៊ូមតិ ដើម្បីបង្កើននូវថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកក្នុងការកសាងសមត្ថភាពនៅគ្រប់កម្រិត ជាពិសេសផ្តោតលើតម្រូវការ និងគម្លាតខ្វះខាតផ្នែកសមត្ថភាពនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់»

លោកស្រី ហ្វរូហ្គ ហ្វយូហ្សិថ បានបន្ថែមថា អង្គការយូនីសេហ្វមានប្រវត្តិសហប្រតិបត្តិការជាយូរឆ្នាំមកហើយជាមួយរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ ក្នុងនោះក៏បានចូលរួមគាំទ្រដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដែរ។ លោកស្រីបានសម្ដែងក្ដីរីករាយដែលដឹងថាការបដិភាគថវិកាសម្រាប់សេវាសង្គមដល់ថ្នាក់ក្រោមជាតិមានការកើនឡើង។

សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណអង្គការយូនីសេហ្វ សម្រាប់ការគាំទ្រគម្រោងផ្ដល់សេវាសង្គមនៅថ្នាក់ក្រោមជាតិប្រកបដោយសមភាព បរិយាប័ន និងសមធម៌។ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បានទទួលការគាំទ្រពីសាធារណៈជនគ្រប់មជ្ឈដ្ឋាន ហើយក៏កំពុងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្ដេចក្រឡាហោម ស ខេង បានឯកភាពចំពោះការលើកឡើងរបស់នាយិកាយូនីសេហ្វ ពាក់ព័ន្ធនឹងការវិភាគថវិកាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបន្ថែមថាទោះបីជាមានផលប៉ះពាល់បង្កឡើងដោយជំងឺកូវីដ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលមិនដកដោយក្នុងការងារកំណែទម្រង់ និងការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិដែរ។

ទន្ទឹមនឹងនេះដែរ សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា «បញ្ហាសំខាន់នោះ គឺឆន្ទៈរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ។ កន្លងទៅវិស័យសុខាភិបាល និងវិស័យមួយចំនួនទៀតក៏យើងបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយយើងទទួលស្គាល់ថាប្រសិនបើការផ្ទេរសិទ្ធិអំណាចវិស័យសុខាភិបាលមិនទាន់ពេលទេនោះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រដ្ឋបាលរាជនី ខេត្តនឹងប្រាកដជាជួបការលំបាកមិនខានឡើយ»

បើតាមលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានឱ្យដឹងថាកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ចែកចេញជាពីរប្រភេទ គឺពានរង្វាន់ផ្កាយសេវាសង្គម មានចំណាត់ថ្នាក់ផ្កាយ៣ ផ្កាយ២ ផ្កាយ១ និងផ្កាយសូន្យ និងពានរង្វាន់ជើងឯកសេវាសង្គមមានចំណាត់ថ្នាក់លេខ១ និងលេខ២ សម្រាប់រាជធានី ខេត្ត, លេខ១ លេខ២ និងលេខ៣ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងលេខ១ ដល់លេខ៥ សម្រាប់រដ្ឋាលឃុំ សង្កាត់។

លោកបានឱ្យដឹងថា សម្រាប់ពានរង្វាន់ផ្កាយសេវាសង្គម មានរដ្ឋបាលឃុំ សង្កាត់២ បានទទួលចំណាត់ថ្នាក់ផ្កាយ៣, ឃុំ សង្កាត់១២៦ទទួលបានផ្កាយ២, ឃុំ សង្កាត់២៣៣ ទទួលបានចំណាត់ថ្នាក់ផ្កាយ១ និងឃុំ សង្កាត់៥៦ទទួលបានផ្កាយសូន។ រដ្ឋបាលក្រុង ស្រុក ខណ្ឌវិញ ចំណាត់ថ្នាក់ផ្កាយ៣ពុំមាន ចំណាត់ថ្នាក់ផ្កាយ២មាន២១ ចំណាត់ថ្នាក់ផ្កាយ១មាន៣៦ និងចំណាត់ថ្នាក់ផ្កាយសូន្យមាន៤។ រាជធានី និងខេត្តវិញ ចំណាត់ថ្នាក់ផ្កាយ៣ពុំមានឡើយ ចំណាត់ថ្នាក់ផ្កាយ២មាន៣ ចំណាត់ថ្នាក់ផ្កាយ១មាន៣ និងចំណាត់ថ្នាក់ផ្កាយសូន្យមាន១។

ចំពោះពានរង្វាន់ជើងឯកសេវាសង្គមវិញ រដ្ឋបាលខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ១ រដ្ឋបាលខេត្តកណ្ដាលទទួលបានចំណាត់ថ្នាក់លេខ២។ ថ្នាក់ក្រុង ស្រុក ខណ្ឌ គឺរដ្ឋបាលក្រុងតាខ្មៅទទួលបានចំណាត់ថ្នាក់លេខ១ រដ្ឋបាលខណ្ឌមានជ័យលេខ២ និងរដ្ឋបាលខណ្ឌកំបូលលេខ៣ ខណៈពានរង្វាន់សម្រាប់ឃុំ សង្កាត់ គឺរដ្ឋបាលសង្កាត់បឹងកេងកងទី១ចំណាត់ថ្នាក់លេខ១ រដ្ឋបាលឃុំបាគងលេខ២ រដ្ឋបាលឃុំបន្សាយត្រែងលេខ៣ និងរដ្ឋបាលសង្កាត់បឹងកេងកង២ ចំណាត់ថ្នាក់លេខ៤។ ជ័យលាភីទាំងអស់សុទ្ធតែទទួលបានវិញ្ញាបនបត្រទទួលស្គាល់ និងសម្ភារៈមួយចំនួនទៀត៕