(ភ្នំពេញ)៖ ភាគីចិនបានឯកភាពជាមួយភាគីកម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការដែលអាចជួយដល់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ក៏ដូចជាបន្តពិនិត្យលើលទ្ធភាពដែលអាចបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរនៅការយល់ដឹងរវាងសិស្ស/និស្សិតនៃប្រទេសទាំងពីរ។

ការឯកភាពនេះធ្វើឡើងនាឱកាសជំនួបរវាងលោក ពេជ សោភ័ន រដ្ឋមន្រ្តីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Leung Chun Ying ប្រធានក្រុមប្រឹក្សាភិបាលអង្គការមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងការងារ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាស្វែងយល់ពីគ្នានូវកិច្ចសហប្រតិបត្តិការដែលអាចជួយដល់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បន្ថែមទៅលើអ្វីដែលអង្គការមូលនិធិ GX បាននិងកំពុងសហប្រតិបត្តិការលើវិស័យសុខាភិបាល។

ក្រោយពីការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍រួចមក ភាគីទាំងពីរបានឯកភាពគ្នាបន្តពិនិត្យលើលទ្ធភាពដែលអាចបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រជាជនទាំងពីរ និងការផ្លាស់ប្តូរនៅការយល់ដឹងរវាងសិស្ស/និស្សិតនៃប្រទេសទាំងពីរ។

លោក ពេជ សោភ័ន បានឱ្យដឹងថា កន្លងមក ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានធ្វើកិច្ចសហការជាមួយសាធារណរដ្ឋប្រជាមានិតចិន ដូចជាបានបង្កើតវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។

លោកបានបន្តថា ភាគីកម្ពុជា-ចិនក៏បានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលមេគង្គឡានឆាងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រោមគម្រោងមេគង្គឡានឆាងនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ២០១៨។ បានសហការនិងបង្កើតសាលាមធ្យមសិក្សាបច្ចេកទេសនិងវិជ្ជាជីវៈផ្លូវសូត្រកម្ពុជា-ចិន-យ៉ាឡុង (Cambodia China Vocational and Technical College Yalong Silk Road College) ចំនួន៤កន្លែង ដោយមាននៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត។

ក្រៅពីនោះ ភាគីទាំងពីរបានសហការជាមួយ Chinese Academy of Tropical Agricultural Sciences បណ្តុះបណ្តាលជំនាញកសិកម្មតាមអនឡាញដល់គ្រូបច្ចេកទេសកម្ពុជាសរុបចំនួន៦៣០នាក់។ បានទទួលជំនួយពីក្រុមហ៊ុន Shandong Dolang Technology Equipment CO., LTD, The People Republic of China ជាឧបករណ៍សម្ភារបណ្តុះបណ្តាលអេឡិចត្រូនិក មេកាត្រូនិក និងអគ្គិសនី។ បន្ថែមពីនោះ ភាគីកម្ពុជា-ចិនក៏បាននិងកំពុងអនុវត្តកម្មវិធី Skills Development Network through South-South Cooperation, ILO/China Partnership Program។

គម្រោងទាំងនេះមានគោលបំណង៖ ១.ដើម្បីកសាងសមត្ថភាពស្ថាប័នទៅមុខឱកាន់តែប្រសើ និងអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសរបស់ ILO ២.ដើម្បីលើកកម្ពស់ការអភិវឌ្ឍជំនាញ ការរៀបចំជំនាញឡើងវិញ ការបង្កើនជំនាញ តាមរយៈកិច្ចសហប្រតិបត្តិការ South-South ហើយកម្មវិធីនេះនឹងត្រូវបានអនុវត្តដោយប្រទេសចំនួន៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានកម្ពុជា មីយ៉ានម៉ា និងឡាវ ដែលគាំទ្រថវិកាដោយសាធារណរដ្ឋប្រជាមានិតចិន និងគាំទ្របច្ចេកទេសដោយអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងការអភិវឌ្ឍធនធានមនុស្សជាច្រើនបន្ថែមទៀត៕