(សៀមរាប)៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានធ្វើការពិភាក្សាពីការផ្តល់ជំនួយបច្ចេកទេស និងការបន្តកិច្ចសហប្រតិបត្តិការ ដល់បណ្តាប្រទេសអាស៊ាន និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការជួយលើកកម្ពស់សមត្ថភាព របស់សហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម ប្រើប្រាស់កម្មសិទ្ធិបញ្ញា ជំរុញការធ្វើអាជីវកម្មឱ្យកាន់តែរីកចម្រើន។

លោក ប៉ែន សុវិជាតិ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ក្នុងកិច្ចពិភាក្សានេះ បានជំរុញ និងលើកទឹកចិត្តដល់ការប្រើប្រាស់កម្មសិទ្ធិបញ្ញាជាលក្ខណៈពាណិជ្ជកម្មឱ្យបានពេញលេញ ដែលជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកច្នៃប្រឌិត ធ្វើយ៉ាងណាប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់ខ្លួនជាទ្រព្យ ក្នុងការជំរុញការធ្វើអាជីវកម្ម និងប្រើប្រាស់កម្មសិទ្ធិបញ្ញានេះឱ្យអស់លទ្ធភាពដើម្បីភាពរីកចម្រើននៃក្រុមហ៊ុនរបស់ខ្លួន។

លោកបានលើកឡើងយ៉ាងដូច្នេះទៀតថា ការប្រើប្រាស់កម្មសិទ្ធិបញ្ញាជាលក្ខណៈពាណិជ្ជកម្មនេះនឹងអាចជួយឱ្យមានការទាក់ទាញវិនិយោគដោយផ្ទាល់ថែមទៀតនៅក្នុងបណ្តាប្រទេសអាស៊ានទាំងមូល ហើយកិច្ចនេះមានប្រយោជន៍បំផុតសម្រាប់ប្រទេសកម្ពុជាយើង ដោយសារយើងមានកម្មសិទ្ធិបញ្ញាមាំមួន យើងមានច្បាប់គ្រប់គ្រាន់ទាំងច្បាប់ម៉ាក ពាណិជ្ជសញ្ញា និងការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់សិទ្ធិអ្នកនិពន្ធ និងច្បាប់សិទ្ធិប្រហាក់ប្រហែល។ល។

បន្ថែមពីនេះ កិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានជជែកទាក់ទងនឹងការពារកម្មសិទ្ធិបញ្ញាដល់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីជំរុញយ៉ាងណាឱ្យតំបន់អាស៊ាន ក្លាយជាតំបន់មួយឈានឆ្ពោះទៅរកការពារកម្មសិទ្ធិបញ្ញាប្រកបដោយទំនុកចិត្ត និងការលើកកម្ពស់ការការពារប្រព័ន្ធកម្មសិទ្ធិបញ្ញានៅក្នុងតំបន់ និងនៅក្នុងបណ្តាប្រទេសនីមួយៗ។

ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានស្មើសុំឱ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ការផ្តល់ជំនួយបច្ចេកទេស និងការជួយគាំទ្រដល់បណ្តាប្រទេសអាស៊ានអនុវត្តបានផែនការសកម្មភាពរបស់ខ្លួនក្នុងការការពារកម្មសិទ្ធិបញ្ញា និងនាទីស្នូលរបស់កម្មសិទ្ធិបញ្ញានៅក្នុងការជំរុញបច្ចេកវិទ្យាទំនើប នវានុវត្ត និងការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យាពីបណ្តាប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន មកប្រទេសដែលមិនសូវមានបច្ចេកវិទ្យាជឿនលឿន៕