(រតនគិរី)៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២នេះ លោក ងិន ណែល អភិបាលក្រុងបានលុង ដឹកនាំមន្រ្តីចំនុះរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់បឹងកន្សែង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ចុះសម្អាតតាមបណ្តោយផ្លូវលេខ៥០,៤២២,២៩,៤៦,២៣,៧៨-៥,២៥ និងផ្លូវជុំវិញបឹងកន្សែង។

នាឱកាសនោះដែរ លោក ងិន ណែល បានលើកឡើងថា យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ ដែលធ្វើឱ្យក្រុងបានលុង ក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ និងបង្កើនការយល់ដឹង អំពីអនាម័យបរិស្ថានដល់សាធារណជន ក្នុងគោលបំណងបង្កើនបរិស្ថានស្អាត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ។

លោកអភិបាលក្រុង បានបន្តថា យុទ្ធនាការសម្អាតអនាម័យបរិស្ថាននាពេលនេះនឹងធ្វើឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសំរាម និងអនាម័យទីប្រជុំជន និងផ្សព្វផ្សាយទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជនទាំងអស់ដើម្បីចូលរួមអនុវត្តឱ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីក្រុងដែលមានអនាម័យបរិស្ថានស្អាត និងភូមិដ្ឋានគ្មានសំរាម។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា ម្យ៉ាងវិញទៀត យុទ្ធនាការនាពេលនេះ ជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈ ឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថាន តាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈដោយទុកដាក់សំរាម ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ៕