(ពោធិ៍សាត់)៖ តូបលក់ចាប់ហួយមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង និងបណ្តាលឱ្យរងរបួសមនុស្ស២នាក់ ដោយសារតែម្ចាស់មិនប្រយ័ត្ន ដាំបាយនឹងចង្ក្រានហ្គាសតូច រួចឆាបឆេះជាមួយសាំងនៅក្បែរនោះ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង ០៧និង០៧នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឱ្យដឹងថា តូបលក់ចាប់ហួយដែលមានទំហំ៤ គុណ៦ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងឈើមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅបង្កឱ្យមានកាភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ អស់ចំនួន០២គ្រឿង។

សេចក្តីរាយការណ៍បានបន្ថែមថា ករណីនេះសមត្ថកិច្ច បានដាក់ការសន្និដ្ឋានជំហានដំបូង អាចបណ្ដាលមកពី ម្ចាស់ដាំបាយនឹងចង្ក្រានហ្គាសតូច មិនប្រយ័ត្ន ក៏ឆាបឆេះជាមួយនឹងសាំងនៅក្បែរនោះតែម្តង។

ក្នុងហេតុការណ៍នេះ បណ្តាលមនុស្សរងរបួស ចំនួន២នាក់ រួមមាន៖

ទី១៖ ឈ្មោះ សន ជី ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិសង្កាត់ កើតតហេតុខាងលើ ជាម្ចាស់តូប (រងរបួសស្រាល)
ទី២៖ ឈ្មោះ មាន រក្សា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិសង្កាត់ កើតហេតុខាងលើ (រងរបួសស្រាល)

សមត្ថកិច្ចបានយករថយន្តសង្គ្រោះ ដឹកបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់៕