(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា មានការឃាត់ខ្លួនមេការ ជុំវិញបាតុភាពក្នុងកាស៊ីណូ Golden Phonix Entertainment នៅព្រំដែនជ្រៃធំ។

សម្តេចក្រឡាហោម ស ខេង បញ្ជាក់បែបនេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារជំនាញអន្ដរក្រសួង-ស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង ក៏បានឱ្យដឹងផងដែរថា បាតុភាពក្នុងកាស៊ីណូក្នុងកាស៊ីណូនេះ អាជ្ញាធរក៏ឃាត់ខ្លួនបុគ្គលិកម្នាក់ ជាជនជាតិវៀតណាម ដោយមិនមានឯកសារស្នាក់នៅជាក់លាក់នៅប្រទេសកម្ពុជានោះទេ។ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា បុគ្គលិកនៅកាស៊ីណូប្រមាណ ៤០នាក់ ជាជនជាតិវៀតណាមមកធ្វើការដោយខុសច្បាប់។

ពាក់ព័ន្ធការឃាត់ខ្លួននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ Fresh News ថា មេការដែលឃាត់ខ្លួននោះ គឺជាជនជាតិចិន។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានឱ្យដឹងដែរថា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ គណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កំពុងបើកកិច្ចប្រជុំពិភាក្សាទៅលើហេតុការណ៍នេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ម្សិលមិញនេះ មានការបែកធ្លាយវីដេអូឃ្លីបមួយបង្ហាញពីការប៉ះទង្គិចគ្នារវាងរវាងអ្នកបម្រើការងារនៅក្នុងការស៊ីណូ Golden Phonix Entertainment ឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ជាប់ព្រំដែនវៀតណាម។

ក្នុងវីដេអូនោះ គេឃើញមនុស្សមួយក្រុមបានរត់សម្រុកចេញពីខាងក្នុងកាស៊ីណូ ហើយលោតចុះក្នុងទឹកទន្លេព្យាយាមហែលឆ្លងទៅប្រទេសវៀតណាម។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា ករណីនេះមិនមែនហិង្សាទេ គឺបុគ្គលិកវៀតណាម រៀបចំផែនការប្រមូលគ្នាទម្លុះទ្វាររបងកាស៊ីណូរត់ចេញ ហើយប៉ះគ្នាជាមួយសន្តិសុខ របួសសន្តិសុខ៣នាក់៕