(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសដល់ក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដើម្បីពង្រឹងសមត្ថភាពបន្ថែម ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំ នៃរដ្ឋបាលស្រុកកំពង់ស្វាយ ក្រុមប្រឹក្សាឃុំ នៃរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ក្រុមប្រឹក្សាឃុំរដ្ឋបាលស្រុកប្រាសាទសំបូរ ក្រុមប្រឹក្សាឃុំនៃរដ្ឋបាលស្រុកសន្ទុក និងក្រុមប្រឹក្សាសង្កាត់ នៃរដ្ឋបាលក្រុងស្ទឹងសែន សម្រាប់វគ្គបណ្ដុះបណ្ដាលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ ។

លោកស្រី លំ គន្ធារី បានលើកឡើងពីវគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ គឺផ្តោតលើការបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ដែលមានចំនួន៩ជំពូក ដែលមានទី១៖ ទិដ្ឋភាពទូទៅ, ទី២៖ រចនាសម្ព័ន្ធតួតាទីភារកិច្ចនិងទំនាក់ទំនងអន្តរដ្ឋបាល, ទី៣៖ ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់តំណែង, ទី៤៖ កិច្ចប្រជុំក្រុមប្រឹក្សា, ទី៥៖ ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល, ទី៦៖ ការផ្តល់សេវាសាធារណៈ, ទី៧៖ កិច្ចការរដ្ឋបាល ទី៨៖ ការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សា និងការគ្រប់គ្រងបុគ្គលិក និងទី៩៖ ការគ្រប់គ្រងហិរញ្ញវត្ថុ។

ជាមួយគ្នានេះដែរ លោកស្រីបានជំរុញដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដាន ចូលរួមយ៉ាងសកម្ម និងមានសំណួរចម្លើយឱ្យបានល្អ ដើម្បីឱ្យដំណើរការវគ្គបណ្តុះបណ្តាលនេះ មានលក្ខណៈល្អប្រសើរ និងយកជាបទពិសោធន៍សម្រាប់ការអនុវត្តន៍ក្នុងមូលដ្ឋាន៕