(បន្ទាយមានជ័យ)៖ ស្រូវប្រជាពលរដ្ឋជាច្រើនហិកតា ក្នុងក្រុងសិរីសោភ័ណ្ឌ បានរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង។ ឃើញការលំបាករបស់ប្រជាពលរដ្ឋនេះ កងទ័ពដែលតែងផ្សារភ្ជាប់បេះដូងជាមួយប្រជាពលរដ្ឋនោះ មិនបានព្រងើយកន្តើយនោះឡើយ ហើយបានលើកកម្លាំងចុះទៅជួយច្រូតស្រូវចេញពីការលិចលង់។

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំង ១១០នាក់ សហការជាមួយកម្លាំងតំបន់ប្រតិបិត្តការសឹករងបន្ទាយមានជ័យ កងរាជអាវុធហត្ថ នគរបាល អាជ្ញាធរមូលដ្ឋាន និងលោក ស្រេង សុផល អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ លោកអភិបាលក្រុងសិរីសោភ័ណ្ឌ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅក្នុងភូមិស្នាយដង្គត់ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការជួយច្រូតស្រូវពលរដ្ឋពីទឹកជំនន់នៅថ្ងៃ កម្លាំងទាំងអស់បានជួយច្រូតស្រូវសរុបចំនួន ៤គ្រួសារ ស្មើនឹង ៥.៥ហិកតា។ ប្រជាពលរដ្ឋមានការសប្បាយយរីករាយ ត្រេកអរ និងអរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់បណ្តាអង្គភាព ទំងអស់ ដែលបានចុះជួយទាន់ពេវេលា។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ដែលតែងតែយកចិត្តទុកដាក់ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗគ្រប់កាលទេសៈ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

ដោយក្តីគោរពស្រឡាញ់បងប្អូនប្រជាពលរដ្ឋ បានប្រកាសគាំទ្រពេញទំហឹងចំពោះបេក្ខភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត៕