(បន្ទាយមានជ័យ)៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានបន្តចុះល្បាតតាមត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ឬបទល្មើសផ្សេងៗ និងស្ថានភាពទឹកតាមអូរព្រំដែន ជាពិសេសការលួចនាំចេញរថយន្តចង្កូតស្តាំ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលហាមដាច់ខាតការលួចនាំចូលរថយន្ត ចង្កូតស្តាំដោយខុសច្បាប់។

ការចុះល្បាតនៅតាមព្រំដែន បានដឹកនាំកម្លាំងដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នេះក្រោមការដឹកនាំបញ្ជា និងយកចិត្តទុកដាក់ខ្ពស់ពីឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក កែវ ស៊ីថា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងទទួលការងារព្រំដែន។

លោកវរសេនីយ៍ឯក កែវ ស៊ីថា បានដាស់តឿន និងពាំនាំបទបញ្ជារបស់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹក ដល់កម្លាំងឈរជើងតាមបណ្តាគោលដៅទាំងអស់ បង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់រាល់បទល្មើសឆ្លងដែន គ្រប់ប្រភេទ និងការពារខ្សែបន្ទាត់ព្រំដែន បង្គោលសីមា ដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពមិត្ត និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចូលរួមសម្រេចឱ្យបានរាល់ភារកិច្ចខាងលើ ជាពិសេសការការពារជំងឺកូវីដ១៩ ប្រភេទថ្មី BA4, BA5 និងជំងឺអុតស្វា ដោយបន្តអនុវត្តតាមប្រសាសន៍ ដ៏ថ្លៃថ្លានូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នូវវិធានការ «៣ការពារ និង៣កុំ» ឱ្យជាប់ជាប្រចាំ៕