(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងបញ្ជាក់ថា ឆមាសទី១ ឆ្នាំ២០២២នេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ នៅតែមានការកើនឡើងគួរឱ្យគាត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាសម្រាប់ឆ្នាំមុន ដោយគិតជាមធ្យមក្នុងមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៩លើក ស្លាប់ចំនួន ៥នាក់ និងរបួស ១០នាក់។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី១ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាដូចនេះថា «ស្ថិតក្នុងកាលៈទេសៈប្រកបដោយភាពវិជ្ជមាននេះយើងក៏បានពិនិត្យឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហាក់មាននិន្នាការកើនឡើង បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២១។ ជាក់ស្ដែងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ៣៤៨លើក ស្មើ២៨% ចំនួនអ្នកស្លាប់បាន កើនឡើង២៣៣នាក់ ស្មើ៣៣% និងចំនួនអ្នករបួសបានកើនឡើង ៤៤៣នាក់ ស្មើ២៥% ដោយគិតជាមធ្យមក្នុងមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៩លើក បណ្តាលឱ្យស្លាប់ចំនួន ៥នាក់ និងរបួសចំនួន១០នាក់ ដែលភាគច្រើនបានកើតឡើងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ»

សម្តេចក្រឡាហោម បានបន្ថែមថា សម្រាប់តួលេខនេះបើធៀបទៅនឹងរយៈពេល ដូចគ្នា នៃឆ្នាំ២០១៩ (ជាពេលវេលាដែលមិនទាន់មានជំងឺកូវីដ១៩) ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍បានថយចុះ ៥៦២លើក ស្មើ២៦% ចំនួនអ្នកស្លាប់ បានថយចុះ ៩១នាក់ ស្មើ៩% និងចំនួនអ្នករបួសបានថយចុះ ៩៩២នាក់ ស្មើ៣១%។

សម្តេចបានបញ្ជាក់ទៀតថា មូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ចំនួន ៣៨% ល្មើសសិទ្ធិអាទិភាពចំនួន ២៤% ល្មើសមិន ប្រកាន់ស្តាំចំនួន ១១% ល្មើសក្នុងការវ៉ាជែងចំនួន ១១% ល្មើសក្នុងការបត់ចំនួន ១០% បើកបរក្នុងស្ថានភាពស្រវឹងចំនួន៣% និងកត្តាផ្សេងទៀត។ ការបង្ករហេតុការណ៍ គ្រោះថ្នាក់ដោយអ្នកបើកបរម៉ូតូមានចំនួន ៤៩% អ្នកបើកបររថយន្តធុនស្រាលមានចំនួន២៤% អ្នកបើកបររថយន្តធុនធ្ងន់មាន ចំនួន១៦% អ្នកបើកបរយានផ្សេងៗ មានចំនួន១០%។

បន្ថែមពីនេះសម្តេចក្រឡាហោម ស ខេង ក៏បានចាត់ទុកហេតុការណ៍នៃគ្រោះថ្នាក់នេះ នៅតែជាបញ្ហាប្រឈម ដោយបានបន្សល់ទុកនូវសោកនាដកម្ម ជាច្រើនដល់ ប្រជាពលរដ្ឋ ដូចជាការបាត់បង់ជីវិត ររងរបួស ពិការភាព និងការបាត់បង់ទ្រព្យសម្បត្តិឯកជន និងសាធារណៈ បង្កផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ៕