(ភ្នំពេញ)៖ អភិបាលរងថ្មី នៃគណៈអភិបាលរាជធានីភ្នំពេញ ចំនួន ៣រូប ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

អភិបាលរងរាជធានីភ្នំពេញចំនួន ៣រូប ដែលត្រូវប្រកាសចូលកាន់តំណែងនេះ រួមមាន៖ លោក ឃ្លាំង ហួត អតីតជាអភិបាលខណ្ឌជ្រោយចង្វារ, លោក សុខ ពេញវុធ អតីតអភិបាលខណ្ឌដូនពេញ និងលោក ហ៊ុន សុរិទ្ធី អតីតអគ្គនាយករង អគ្គនាយកដ្ឋានអន្តោរប្រវេសន៍។

ក្នុងឱកាសនោះលោក សក់ សេដ្ឋា បានថ្លែងថា តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវបន្ថែមអភិបាលរង ចំនួន៤រូបទៀត ដើម្បីបម្រើសង្គមជាតិ និងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

លោកបន្តថា «ពេលនេះយើងបានប្រកាសតែងតាំងចំនួន ៣រូបសិន នៅសល់មួយរូបទៀត យើងនឹងរៀបចំឡើងបន្តទៀត។ ដូច្នេះទេ សម្រាប់អភិបាលរងទាំង៣រូបដែលបានតែងតាំងថ្មីនេះ ត្រូវបំពេញការងារឲ្យបានល្អជូនរដ្ឋបាលរាជធានី ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើឲ្យរាជធានីភ្នំពេញ កាន់តែរីកចម្រើន និងកាន់តែមានសោភណ្ឌភាព»

លោក សក់ សេដ្ឋា ក៏បានធ្វើការណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកំពស់ជីវភាពប្រជាពលរដ្ឋ និងបន្តខិតខំដោះស្រាយបញ្ហា ដែលនៅសេសសល់នៅក្នុងសង្គម។ ចំពោះកម្លាំងប្រដាប់អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់បទល្មើសនានាឲ្យបានល្អ និងបំផុសប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។

ដើម្បីឲ្យរាជធានីភ្នំពេញ មានសោភណ្ឌភាពកាន់តែល្អប្រសើរនោះ លោកស្នើឲ្យអាជ្ញាធររាជធានី គ្រប់គ្រងសំណង់ឲ្យបានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស បន្តដាំដើមឈើនៅតាមទីសាធារណៈ លើកកំពស់បរិស្ថាន ដោយត្រូវបំផុសប្រជាពលរដ្ឋ ឲ្យវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងជម្រុញឲ្យក្រុមហ៊ុន ប្រមូលសំរាមទាន់ពេលវេលា បើទោះបីក្រុមហ៊ុនប្រមូលសំរាមទាំង៣ បានអនុវត្តការងារល្អជាងមុនហើយក្តី។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានធ្វើការណែនាំឲ្យ អភិបាលរងរាជធានីភ្នំពេញទាំង ៣រូប ដែលត្រូវបានប្រកាសតែងតាំងថ្មីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ សហការឲ្យបានល្អជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៉ីវិល អនុវត្តការងារដោយឈលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។

គួរបញ្ជាក់ថា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមកនេះមានចំនួន៦រូប ក្នុងនោះរួមមាន៖ លោក កើត ឆែ, លោក មាន ចាន់យ៉ាដា, លោក ហួត ហៃ, លោកស្រី កែវ សុខពិសី, លោក ស៊ុយ សេរិទ្ធ និងលោក នួន ផារ័ត្ន។ ពេលនេះត្រូវបានបន្ថែម ឲ្យមកកាន់តួនាទីនេះ ចំនួន៣រូបបន្ថែមទៀត មានន័យថា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ មានចំនួន ៩រូបហើយ ដើម្បីបំរើសង្គមជាតិ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខណៈដែលថ្នាក់ជាតិបានប្រតិភូកម្មវិស័យជាច្រើន មកឲ្យថ្នាក់ក្រោមជាតិអនុវត្តក្នុងការផ្តល់សេវា ឲ្យកាន់តែកៀកកិតជាមួយប្រជាពលរដ្ឋ៕