(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានព្រមានចំៗទៅពលរដ្ឋសង់សំណង់ខុសច្បាប់ទាំងឡាយក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យប្រញាប់រុះរើសំណង់ទាំងនោះវិញដោយខ្លួនឯង ជាជាងការប្រើប្រាស់កម្លាំងអាជ្ញាធរចុះរុះរើ។

ថ្លែងក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោក ជា សុផារ៉ា បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាសំណង់ខុសច្បាប់នេះ។ លោករដ្ឋមន្ត្រី ក៏បានផ្ដាំទៅអភិបាលក្រុង និងស្រុកទាំង៥ ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ និងសម្របសម្រួលឱ្យពលរដ្ឋក្នុងមូលដ្ឋានខ្លួន ព្រមរុះរើសំណង់ខុសច្បាប់ដោយខ្លួនឯង។

តាមការបញ្ជាក់ពីលោក ជា សុផារ៉ា ក្នុងយុទ្ធនាការរយៈពេល១៥ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែសីហា តទៅ មានមន្ត្រីពាក់ព័ន្ធចូលរួមសរុបជាង៧០០នាក់ ក្នុងនោះក៏មានមន្ទីររៀបចំដែនដីតាមបណ្ដារាចធានីខេត្តមួយចំនួនចូលរួមផងដែរ រួមមាន រាជធានីភ្នំពេញ កំពង់ធំ កំពង់ចាម បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។ ការចុះវាស់វែង និងកំណត់អត្តសញ្ញាណនេះធ្វើឡើងនៅក្រុង ស្រុកទាំង៥ ដែលស្ថិតក្នុងតំបន់រមណីដ្ឋានអង្គរ រួមមានក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកពួក។

បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងដែនដី និងជាប្រធានក្រុមការងារតម្រង់ទិសដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ បានឱ្យដឹងថា ក្នុងឧទ្យានជាតិអង្គរសព្វថ្ងៃមានសំណង់ខុសច្បាប់ជាង ៨ពាន់ករណី។ រយៈពេល៣ខែចុងក្រោយនេះ សំណង់ខុសច្បាប់ថ្មីកើតឡើងសរុប ៣៩៨ករណី ក្នុងនោះបានរុះរើចេញចំនួន ជាង ២០០ករណី។

តាមរយៈក្រុមការងារចុះវាស់វែង និងកំណត់អត្តសញ្ញាណក្បាលដីនៅពេលនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រំពឹងថា នឹងអាចទប់ស្កាត់សំណង់ខុសច្បាប់មានប្រសិទ្ធភាព។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរៀបចំដីនៅតំបន់ភូមិធម្មជាតិរុនតាឯក សម្រាប់ពលរដ្ឋដែលនឹងត្រូវរុះរើសំណង់ខុសច្បាប់ទាំងនោះ និងផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ពួកគេផងដែរ៕