(សៀមរាប)៖ ក្នុងនាមជាអ្នកដឹកនាំយុវជនមួយរូប លោក ហ៊ុន ម៉ានី បានពន្យល់ទៅកាន់យុវជនដែលជាកម្លាំងកសាងជាតិកម្ពុជាអំពីតម្លៃការងារ និងការដាក់វិន័យលើខ្លួនដើម្បីសម្រេចការងារ ដោយលោកបានសង្កត់ធ្ងន់លើប្រយោគមួយថា «ការងាររឹតតែសំខាន់ វិន័យលើខ្លួនឯងរឹតតែច្រើន ទើបអាចសម្រេចការងារទាំងនោះបាន»។

ការលើកឡើងរបស់លោក ហ៊ុន ម៉ានី យ៉ាងដូច្នេះ គឺនាវេទិកាពិភាក្សាអំពីសៀវភៅក្ដីសង្ឃឹម ហ៊ុន ម៉ានី ក្រោមការរៀបចំដោយសារព័ត៌មានអេឡិចត្រនិកថ្មីៗ នៅផ្សារទំនើបហឺរីថេក ក្រុងសៀមរាប នាពេលថ្មីៗនេះ។ អ្នកសារព័ត៌មាន អ្នកអាន ក៏ដូចជាសាធារណជនទូទៅ មានឱកាសបានពិភាក្សាដេញដោលចោទសួរទៅកាន់អ្នកនិពន្ធសៀវភៅ តួអង្គក្នុងសៀវភៅ អ្នកវិភាគ ក៏ដូចជាអ្នកនិពន្ធសៀវភៅជើងចាស់ផងដែរ។

ផ្ដើមចេញពីខ្លឹមសារនៅក្នុងសៀវភៅក្ដីសង្ឃឹម ហ៊ុន ម៉ានី ដែលអ្នកនិពន្ធ លាង ដឺលុច បានរំលេចអំពីបុគ្គលិកលក្ខណៈរបស់តួអង្គក្នុងសៀវភៅ គឺលោក ហ៊ុន ម៉ានី ផ្ទាល់តែម្ដង ទី១. លោក ហ៊ុន ម៉ានី មិនចូលចិត្តអន្តរាគមន៍ប្រាសចាកពីច្បាប់ ទី២. លោក ហ៊ុន ម៉ានី ប្រកាន់វិន័យហ្មត់ចត់ ទី៣. លោក ហ៊ុន ម៉ានី ភ្នែកទន់ តែកាច និងទី៤. លោក ហ៊ុន ម៉ានី ធ្វើការច្រើន សប្បាយតិច (ទំព័រទី១៦-២១)។ ដូច្នេះហើយក៏មានការស្នើឱ្យមានការចែករំលែកគំនិត និងរបៀបរបបធ្វើការងារទៅដល់យុវជនដែលកំពុងរស់នៅក្នុងសង្គម និងជាកម្លាំងចលករកសាងជាតិ។

ឆ្លើយតបនឹងសំណើរនេះ លោក ហ៊ុន ម៉ានី បានអធិប្បាយថា គ្រប់ការងារទាំងអស់គឺសុទ្ធតែសំខាន់ ដែលទាមទារឱ្យមានការទទួលខុសត្រូវយ៉ាងហ្មត់ចត់ ដើម្បីឈានទៅសម្រេចបានលទ្ធផលល្អណាមួយ។ ទំនួលខុសត្រូវនេះគឺ «វិន័យ»។ លោកក៏ចង់ឱ្យយុវជនចេះបង្កើតវិន័យ ដាក់វិន័យលើខ្លួនឯង ប្រកាន់ខ្ជាប់នូវវិន័យនោះរាល់ពេលបំពេញការងារនានា ពីព្រោះការងារខ្លះយើងត្រូវប្រណាំងជាមួយពេលវេលា ហើយពេលវេលាមិនដែលចាំយើងនោះទេ។

លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ការងាររឹតតែសំខាន់ វិន័យទៅលើខ្លួនឯងរឹតតែច្រើន បានអាចសម្រេចបាននូវអ្វីដែលជាការងារនោះ»

លោកបានបន្តទៀតថា ប្រសិនបើយុវជនចេះដាក់គោលដៅសម្រាប់អនាគតខ្លួនឯង អនាគតក្រុមគ្រួសារ ឬអនាគតរបស់ជាតិកម្ពុជា ពួកគេត្រូវមានផែនការការងារ៥ឆ្នាំ ឬ១០ឆ្នាំទៅមុខ ដើម្បីសម្រេចឱ្យបាននូវអ្វីដែលខ្លួនគេចង់ធ្វើ មិនអាចចាំស្អែកបានធ្វើសកម្មភាពទេ ពោលគឺត្រូវចាប់ផ្ដើមសកម្មភាពនៅថ្ងៃនេះ។

សម្រាប់លោក ហ៊ុន ម៉ានី វិន័យផ្ទាល់ខ្លួន វិន័យការងារដែលលោកប្រកាន់ខ្ជាប់មកដល់សព្វថ្ងៃនេះ គឺលោកបានទទួលតាំងពីកុមារភាព ទាំងពេលដែលលោករស់នៅភ្នំពេញជាមួយឪពុកម្ដាយ ទាំងពេលដែលលោកទៅសិក្សានៅបរទេស ពិសេសគឺពេលលោកត្រលប់មកបំពេញការងារជូនជាតិកម្ពុជាវិញ ដោយលោកក៏បានយកគំរូតាមសម្ដេចតេជោ ហ៊ុន សែន ជាឪពុកយ៉ាងខ្ជាប់ខ្ជូន៕