(កំពង់ធំ)៖ ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចរាំងជ្រុំកន្លុកបាយក្អែក ដោយដកហូតបានឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើស០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៣របាំង មានប្រវែង៩០០ម៉ែត្រ របាំងស្បៃមុង ០៥របាំងប្រវែង៥០០ម៉ែត្រ ឡុកចំនួន១៦គ្រឿង លបលូ ចំនួន២០មាត់ បង្គោលចំនួន ១,២០០ដើម ចាក់លែងត្រីស្រស់ចម្រុះចំនួន២០គីឡូក្រាម ចូលទន្លេវិញ។

ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលជួបប្រទះកន្លងមក នៅបឹងទន្លេសាប ក្នុងនោះគឺបងប្អូនប្រជានេសាទនៅតែប្រើប្រាស់ឧបករណ៍នេសាទហួសដែនកំណត់។ ជាក់ស្ដែងខែរដូវទឹកឡើង គឺជារដូវត្រីពង ចូលរួមទប់ស្កាត់ការពារកុំឱ្យបាត់បង់នូវធនធានធម្មជាតិជាពិសេសកុំឱ្យដាច់ពូជត្រីដែលរស់នៅក្នុងបឹងទន្លេសាប។