(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានរៀបចំពិធីតម្រង់ទិសជូនមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន ៣រូប មុនចេញទៅសិក្សាថ្នាក់អនុបណ្ឌិតសម្រាប់ឆ្នាំសិក្សា ២០២២-២០២៤ នៅប្រទេសកូរ៉េខាងត្បូង។

ពិធីតម្រង់ទិសមុនពេលចេញដំណើរនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ លោក សុង យុងជូន (Song Youngjun) អនុប្រធានតំណាង នៃការិយាល័យកយកា-KOICA ប្រចាំប្រទេសកម្ពុជា និងលោក អ៉ឹម សួរ អគ្គលេខាធិការរង គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (ស អ ក ក-CAMKAA)។

ដោយមានបេសកកម្មគាំទ្រការអភិវឌ្ឍធនធានមនុស្ស (HRD) ជាមួយប្រទេសជាដៃគូ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានអញ្ជើញមន្ត្រីរាជការកម្ពុជា ដែលមានទេពកោសល្យ និងជួយអភិវឌ្ឍពួកគេលើជំនាញវិជ្ជាជីវៈ និងចំណេះដឹង ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។

កម្មវិធីអាហារូបករណ៍កយកា គឺជាកម្មវិធីដែទទួលបានមូលនិធិយ៉ាងពេញលេញ គាំទ្រដោយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ទៅកាន់ប្រទេសជាដៃគូរបស់កយកា។ កម្មវិធីអាហារូបករណ៍នេះ បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ហើយមានគោលបំណងដើម្បីចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍន៍របស់កូរ៉េ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់ តម្រូវការអភិវឌ្ឍ សម្រាប់រយៈពេលវែងរបស់ប្រទេសកម្ពុជា។

ដើម្បីសម្រេចបាននូវបេសកកម្មនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានចាប់ផ្តើមប្រតិបត្តិការអាហារូបករណ៍កម្រិតអនុបណ្ឌិត ជាមួយសាកលវិទ្យាល័យល្បីៗ នៅប្រទេសកូរ៉េ ចំនួន២០ នៅក្នុងវិស័យកសិកម្ម វិស័យអភិវឌ្ឍជនបទ វិស័យអប់រំ វិស័យអភិបាលកិច្ច វិស័យបច្ចេកវិទ្យា និងវិស័យបរិស្ថាន និងថាមពល។ ដោយឡែកសម្រាប់ឆ្នាំ២០២២នេះ មានមន្ត្រីឆ្នើមរបស់កម្ពុជាចំនួន ៣រូប បានទទួលអាហារូបករណ៍វគ្គសិក្សាថ្នាក់អនុបណ្ឌិត ជាមួយសាកលវិទ្យាល័យល្បីៗ ចំនួន៨ នៅប្រទេសកូរ៉េ។

ក្នុងពិធីតម្រង់ទិសនេះ ការិយាល័យកយកាប្រចាំកម្ពុជា បានធ្វើបទបង្ហាញអំពីវគ្គសិក្សាថ្នាក់អនុបណ្ឌិតដោយសង្ខេប និងផ្តល់ឲ្យមន្ត្រីអាហារូបករណ៍ នូវការតម្រង់ទិសជាមូលដ្ឋាន ដូចជា ទី១) គោលការណ៍ណែនាំអាហារូបករណ៍ កយកា-KOICA, ទី២) ព័ត៌មានជំនួយសម្រាប់ការរស់នៅប្រទេសកូរ៉េ, ទី៣) ព័ត៌មានអំពីសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ(សអកក-CAMKAA) និង ទី៤) ក្រមសីលធម៌ស្តីពីសុចរិតភាព និងការយាយីផ្លូវភេទ។

មន្ត្រីអាហារូបករណ៍ដែលត្រូវបានជ្រើសរើសឱ្យជាប់អាហារូបករណ៍ បានថ្លែងអំណរគុណ និងប្តេជ្ញា នូវការគាំទ្ររបស់ពួកគេចំពោះការិយាល័យកយកា និងរដ្ឋាភិបាលកូរ៉េ ក៏ដូចជាបានប្តេជ្ញាក្នុងការនាំមកនូវកំណែទម្រង់សង្គម និង កំណែទម្រង់គោលនយោបាយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរៀនពីបទពិសោធន៍របស់ប្រទេសកូរ៉េ៕