(ភ្នំពេញ)៖ លោក រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានអះអាងថា ក្រសួងអប់រំបានហាមដាច់ខាតមិនឲ្យសិស្សានុសិស្ស ប្រើប្រាស់នូវបារីគ្រប់ប្រភេទ បូករួមទាំងបារីអេឡិចត្រូនិច និងគ្រឿងញៀនខុសច្បាប់ នៅតាមគ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជននោះឡើយ។

លោក រស់ សុវាចា ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «សមិទ្ធផលរយៈពេល៥ឆ្នាំរបស់ក្រសួងអប់រំ» បានឲ្យដឹងថា ក្នុងករណីមានបាតុភាពបែបនេះកើតឡើង គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវចាត់វិធានការរដ្ឋបាលភ្លាមៗផងដែរ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡារូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើមានករណីបាតុភាពទាក់ទងទៅនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្ដី ការប្រើប្រាស់បារីគ្រប់ប្រភេទ បាតុភាពគ្រប់បែបយ៉ាងនៅតាមគ្រឹះស្ថានសិក្សា ទាំងសាធារណៈ និងឯកជន គឺគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវចាត់វិធានការរដ្ឋបាល បើចាំបាច់អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ទូទាំង២៥រាជធានី-ខេត្ត»

លោក រស់ សុវាចា បានគូសបញ្ជាក់ថា ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ឬបារីគ្រប់ប្រភេទ គឺប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់សុខភាព និងអាយុជីវិតរបស់អ្នកសិក្សា និងភាគីពាក់ព័ន្ធ ហើយក្រសួងអប់រំ បាននិងកំពុងតែបន្ដសហការជាមួយភាគីទាំងអស់ ដើម្បីមិនឲ្យមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងការប្រើប្រាស់បារីគ្រប់ប្រភេទនៅតាមគ្រឹះស្ថានសិក្សានោះទេ។ ជាក់ស្ដែងថ្មីៗនេះ ក្រសួងក៏បានចេញសេចក្ដីណែនាំថ្មីមួយទៀត ទាក់ទងការប្រើប្រាស់បារីអេឡិកត្រូនិចជាដាច់ខាត។

ក្រៅពីហាមឃាត់មិនឲ្យប្រើប្រាស់ហើយនោះ គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនទាំងអស់ មិនត្រូវផ្ដល់ទីតាំងដើម្បីធ្វើការផ្សព្វផ្សាយ ឬតាំងពិពរណ៌ផលិតផលថ្នាំជក់ ឬគ្រឿងស្រវឹងនោះឡើយ។

សូមរំលឹកថា ពាក់ព័ន្ធការប្រើប្រាស់បារីអេឡិចត្រូនិច ឬ Vape នេះក្រសួងសុខាភិបាល បានអះអាងថា ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ដល់សុខភាព បណ្ដាលឲ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ នៅពេលប្រើប្រាស់បារីអេឡិចត្រូនិច សារធាតុគីមី និងជាតិនីកូទីនត្រូវបានស្រូបចូលទៅក្នុងរាង្គកាយហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។ បារីអេឡិចត្រូនិច៩៩% មានផ្ទុកជាតិនីកូទីន។

ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាល ដែលនាំឲ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឲ្យយុវជនក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត៕