(ឧត្តរមានជ័យ)៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវបាននាំយកទៅចែកជូនប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាគ្មានទីពឹងចំនួន១២គ្រួសារ នៅភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ។

ពិធីនេះស្ថិតក្រោមវត្តមាន លោក ឃិន ញ៉ាណ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីក្រុមការងារ និងក្រុមប្រតិបត្តិសាខា អនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រពាំងប្រាសាទ ជាច្រើនរូបទៀត។

លោក ឃិន ញ៉ាណ បានថ្លែងថា ដោយបានការអនុញ្ញាតពីលោក ប៉ែន កុសល្យ លោកបានដឹកនាំក្រុមការងារនិងក្រុមប្រតិបត្តិសាខា អនុសាខាស្រុកត្រពាំងប្រាសាទចុះផ្ដល់ជំនួយមនុស្សធម៌ជូនដល់គ្រួសារ ទីទ័លក្រ និងចាស់ជរា ចំនួន១២គ្រួសារ។

ក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០ កំប៉ុង មុង១ សារុង១ ភួយ១ ក្រមា១ ទឹកស៉ីអ៉ីវ១យួរ សាប៊ូដុំ១ អាវយឺតចំនួន៤។

លោក ឃិន ញ៉ាណ ក៏បានថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងគិតគូរជានិច្ចចំពោះសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋទីទ័លក្រ ចាស់ជរា ក្មេងកំព្រា និងពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗ។ លោកក៏ពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ពីលោក គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យនិងលោក ប៉ែន កុសល្យ ផ្ញើជូនបងប្អូនប្រជាពលរដ្ឋនាឱកាសនោះផងដែរ។

លោក ឃិន ញ៉ាណ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្មពីគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសេសការពារពីគ្រុនឈាម អ៊ុតស្វា និងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានទៀងទាត់នូវវិធានការ៣កុំ៣ការពារ។ ជាមួយគ្នានេះដែរលោក ឃិន ញ៉ាណ ក៏បានចូលបច្ច័យផ្តាល់ខ្លួនចំនួន១០០ដុល្លារ កសាងវត្តទួលចរន្តរាមផងដែរ៕