(សៀមរាប)៖ បន្លែ គឺជាអាហារធម្មជាតិដែលមានសារធាតុចិញ្ចឹមស្ទើរតែទាំងអស់ ដែលរាងកាយមនុស្សត្រូវការដើម្បីដំណើរការមុខងារឱ្យបានត្រឹមត្រូវ។ ប៉ុន្តែបន្លែតែមួយមុខមិនអាចបំពេញតម្រូវការអាហារូបត្ថម្ភទាំងអស់ នៃរាងកាយរបស់មនុស្សបានទេ ដូច្នេះ វាជាការណ៍សំខាន់ក្នុងការបរិភោគបន្លែឱ្យបានច្រើនមុខក្នុងរបបអាហារជាប្រចាំថ្ងៃ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ អ្នកស្រី ណន់ ង៉ា បានឱ្យដឹងថា អ្នកស្រីប្រកបរបរដាំបន្លែសរីរាង្គជាង៣០ឆ្នាំមកហើយ ដោយដាំតាំងពីអ្នកស្រីនៅតូចៗ ដែលម្តាយបានបង្ហាត់បង្រៀនពីរបៀបដាំ ដែលគាត់ចេះតមកពីចាស់ៗនៅក្នុងភូមិ ដោយមិនបានរៀនពីរបៀបដាំ ដូចប្រជាកសិករបច្ចុប្បន្ននោះទេ ដែលមានមន្ទីរកសិកម្ម និងអង្គការមួយចំនួន បានចុះមកបង្ហាត់បង្រៀន ពីរបៀបរបបដាំបន្លែសរីរាង្គ និងធ្វើជីកំប៉ុស ដើម្បីឱ្យបន្លែលូតលាស់បានល្អនឹងមិនមានសត្វល្អិតរំខាន ព្រមទាំងជួយរកទីផ្សារឱ្យទៀត។ បច្ចុប្បន្នបន្លែដែលអ្នកស្រីដាំមានដូចជា៖ ខាត់ណា សាឡាត់ស្រួយ ត្រឡាច ត្រសក់ ននោង ម្ទេសហាវៃ ជីគ្រប់មុខ និងសាឡាត់រ៉ូកែត។ ចំពោះតំលៃវិញបានថ្លៃសមរម្យ បន្ទាប់ពីជំងឺកូវីដ១៩ ធូរស្រាលបន្តិច ហើយបន្លែរបស់អ្នកស្រីលក់នៅផ្សារដីហុយ ផ្សារសាមគ្គី និងផ្សារសៅរ៍ អាទិត្យនៅសួនព្រះរាជដំណាក់ក្នុងក្រុងសៀមរាបផងដែរ។

កំពុងតែអង្គុយលើគ្រែនិយាយទាំងទឹកមុខញញឹម អ្នកស្រី ណន់ ង៉ា បានបន្តថា កាលពីដើមមិនមានស្ថាប័នរដ្ឋ និងអង្គការណាមកណែនាំអំពីរបៀបដាំបន្លែសរីរាង្គនេះទេ ហើយប្រជាកសិករនៅតាមភូមិនាំគ្នាដាំបន្លែដូចៗគ្នា និយាយរួមគឺដាំតាមការមើលគ្នា ដោយមិនបានគិតពីទីផ្សារថ្លៃ ថោក នឹងមិនមានម៉ូយមកទិញនោះឡើយ។ ទើបតែប៉ុន្មានឆ្នាំនេះទេ បានមានមន្ទីរកសិកម្ម និងអង្គការមួយចំនួនបានចុះមកបង្រៀនជាញឹកញាប់ពីរបៀបដាំបន្លែសរីរាង្គ និងណែនាំឱ្យដាំបន្លែខុសៗគ្នា ព្រមទាំងជួយរកទីផ្សារទៀត។ រីឯការដាំទៀតគឺដាំបានតែខែប្រាំងទេ ដោយខែវស្សាភ្លៀងច្រើនធ្វើឱ្យបន្លែរលួយខូច ដូច្នេះហើយទើបប្រជាកសិករជ្រើសយកការដាំតែខែប្រាំង មិនម៉ែនដូចសព្វថ្ងៃ ការដាំបន្លែ គឺដាំបានទាំងខែប្រាំ និងខែវស្សា ដោយសព្វថ្ងៃនេះបច្ចេកវិទ្យាកាន់តែទំនើបការដាំបន្លែ គេដាំនៅក្នុងផ្ទះសំណាញ់ ដោយមិនបារម្ភរឿងភ្លៀងច្រើន និងបញ្ហាសត្វល្អិតមករំខាន ហើយទិន្នផលក៏ប្រមូលបានទាំងខែប្រាំង និងវស្សាផងដែរ។

ទន្ទឹមនឹងនោះអ្នកស្រីបន្ថែមទៀតថា ទោះរបរដាំបន្លែមិនសល់មាស ប្រាក់ពាក់នឹងគេក៏ពិតម៉ែន តែរបរនេះបានជួយផ្គត់ផ្គង់ជីវភាពក្មុងគ្រួសារមានជីវភាពសមរម្យ និងកូនៗបានរៀនចប់ថ្នាក់ទី១២ចំនួន៣នាក់។ តែប្រសិនបើកូនៗចង់រៀនបន្តនៅសកលវិទ្យល័យ អ្នកស្រីនឹងឱ្យពួកគាត់រៀនបន្តទៀត។ ប៉ុន្តែកូនៗអ្នកស្រី បានជ្រើសយកខាងជំនាញវិញ ដោយកូនទី១ ចង់រៀនជួសជុលឡាន និងកូនទី២ចង់ខាងចិញ្ចឹមសត្វ ចំណែកកូនទី៣ គេមិនទាន់សម្រេចថារៀនអ្វីនោះឡើយ។

សូមបញ្ជាក់ថា បច្ចុប្បន្នអ្នកស្រី ណន់ ង៉ា ដាំបន្លែសរីរាង្គ នៅក្នុងភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យជួយទិញបន្លែសរីរាង្គពីប្រជាកសិករ មិនថាក្នុងខេត្តសៀមរាប ឬក៏ខេត្តដទៃទៀត ឱ្យពួកគាត់ដាំតាមបច្ចេកទេសត្រឹមត្រូវ និងមិនប្រើថ្នាំគីមី ដើម្បីឱ្យពួកគាត់មានចំណូលសម្រាបផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងជៀសវាងការចំណាកស្រុកខុសច្បាប់ផងដែរ៕