(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើសារគោរពជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ក្នុងនាមខ្ញុំ និងភរិយា សូមជូននូវសព្ទសាធុការពរជ័យ បវរសួស្តីសិរីមង្គល វិបុលសុខ មហាប្រសើរ ជូនលោកជំទាវកិត្តិសង្គហបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានការវិវឌ្ឍរីកចម្រើនបន្តថែមទៀត។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសេចក្តីគោរពដ៏ស្មោះស្ម័គ្រ និងកោតសរសើរយ៉ាងក្រៃលែងនូវការដឹកនាំរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ដែលជានិច្ចកាល លោកជំទាវ តែងបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ជាមួយនឹងបទពិសោធន៍ដ៏ប៉ិនប្រសប់ប្រកបដោយគំរូវីរភាពដ៏មោះមុតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនគួរឱ្យស្ញប់ស្ញែងជាបន្តបន្ទាប់ ជំរុញឱ្យស្ថាប័នទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដែលជាស្ថាប័នរបស់ជាតិ មានការវិវឌ្ឍរីកចម្រើនឥតឈប់ឈរ រួមចំណែកដល់ការលើកកម្ពស់នីតិរដ្ឋ ស្របតាមបំណងប្រាថ្នាដែលប្រជាជនចង់បាន។

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល ក្នុងនាមខ្ញុំ និងភរិយា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល ជូន់ចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕