(ភ្នំពេញ)៖ លោក ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញដល់អ្នកវិនិយោគរួមគ្នា ចូលរួមអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រោះថា វិស័យនេះ ដើរតួនាទីសំខាន់ជាឆ្អឹងខ្នងដ៏ស័ក្តិសិទ្ធិ សម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច។

លោក ហេង សុគង់ បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម គឺដើរតួនាទីសំខាន់ជាឆ្អឹងខ្នង ដ៏ស័ក្តិសិទ្ធិសម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច របស់ប្រទេសជាតិនីមួយៗ មិនថាតែនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកនោះទេ»

លោក ហេង សុគង់ បានគូសបញ្ជាក់ថា នៅបណ្ដាប្រទេសជឿនលឿននានា ក៏ដូចជាកម្ពុជាដែរ គឺគេជំរុញខ្លាំងណាស់ នៅក្នុងការជំរុញការអភិវឌ្ឍវិស័យនេះ ខណៈនៅសហរដ្ឋអាមេរិក ដែលដឹងហើយថា ជាប្រទេសដែលមានការរីកចម្រើនខ្លាំង ទៅលើវិស័យបច្ចេកវិទ្យា តែវិស័យសហគ្រាសធុនតូច និងមធ្យម បានចូលរួមចំណែករហូតដល់ប្រមាណ៥០ភាគរយ នៃ ផ.ស.ស។

លោកបន្ដទៀតថា នៅប្រទេសចិន ដែលឃើញថា ជាប្រទេសដែលមានសេដ្ឋកិច្ចលេខ២របស់ពិភពលោក ក្រោយពីមានការធ្វើកំណែទម្រង់ លើវិស័យសហគ្រាសធុនតូច និងមធ្យមនេះ ឃើញថា កំណើននៃវិស័យនេះ បានចូលរួមចំណែកទៅក្នុង ផ.ស.ស របស់ប្រទេសចិន រហូតដល់៦០ភាគរយ នៃកំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមគ្នានេះ លោក ហេង សុគង់ បានលើកឡើងថា នៅប្រទេសកម្ពុជា វិស័យសហគ្រាសធុនតូច និងមធ្យម និងទាំងមីក្រូសហគ្រាស មានប្រមាណ៥២ម៉ឺននៅទូទាំងប្រទេស ហើយបើគិតជាភាគរយ មានរហូតទៅដល់ប្រមាណជា៩៩.៧ភាគរយ នៃបណ្តាសហគ្រាសទាំងអស់ នៅទូទាំងប្រទេស។

លោក ហេង សុគង់ បានថ្លែងយ៉ាងដូច្នេះថា «យើងគួរតែរកគោលដៅរួមគ្នា ជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឲ្យទទួលបានជោគជ័យកាន់តែខ្ពស់ថែមទៀត»

លើសពីនោះទៀត លោក ហេង សុគង់ ក៏បានជំរុញការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម តាមរយៈការផ្ទេរបច្ចេកវិទ្យា និងការទាក់ទាញវិនិយោគ ដើម្បីធ្វើសមាហរណកម្ម ទៅនឹងខ្សែចង្វាក់ផលិតកម្ម និងខ្សែចង្វាក់តម្លៃតំបន់ និងពិភពលោក ដើម្បីសម្រេចគោលដៅនៃចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ផងដែរ។

ជាមួយគ្នានេះ មន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានជំរុញ និងលើកកម្ពស់បរិស្ថានធុរកិច្ច និងវិនិយោគ ដែលរួមមាន៖

* ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធបញ្ញត្តកម្ម
* ការលើកកម្ពស់ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន
* ការបន្តជំរុញកំណែទម្រង់ ស្ថាប័នកិច្ច និងពង្រីកការអនុវត្តកម្មវិធីវិមជ្ឈការជាមួយថ្នាក់ក្រោមជាតិ
* ការបន្តអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងពង្រឹងការចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម។

សូមជម្រាបថា មូលដ្ឋានសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ផ្នែកកម្មន្តសាលគិតត្រឹមខែកក្កដា ឆ្នាំ២០២២ សរុប៤៣,៨១៣មូលដ្ឋាន និងបានបង្កើតការងារ៤៤២,៨៣៨នាក់ មានការកើនឡើង ៤៤២៣មូលដ្ឋាន បើប្រៀបធៀបកាលពីមុនឆ្នាំ២០១៧ គិតជាភាគរយ១១,២២% និងចំនួនពលកម្មមានការកើនឡើងចំនួន ២៤៣,៥១៩នាក់បើប្រៀបធៀបឆ្នាំ២០១៧ បើគិតជាភាគរយ១២២,១៧%។

សម្រាប់ដើមឆ្នាំ២០២២ គិតត្រឹមខែកក្កដា មូលដ្ឋានបង្កើតថ្មី មានចំនួន១០៣មូលដ្ឋាន ដែលបានបង្កើតការងារចំនួន១,៤១២នាក់។

ចំពោះទុនវិនិយោគ សរុបគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ មានចំនួនជាង ១៥,៧០៧ លានដុល្លារអាមេរិក មានការកើនឡើងចំនួនជាង ៦,២៩៧លានដុល្លារអាមេរិក ស្មើនឹង ៦៦,៩១% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ ទុនវិនិយោគសរុបមានចំនួនជាង ៩,៤១០លានដុល្លារអាមេរិក៕