(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជា បានគូសរំលេចថា ទោះបីគណបក្សប្រជាជនកម្ពុជា បន្តការឈ្នះរបស់ខ្លួនយ៉ាងភ្លូកទឹកភ្លូកដី ក្នុងព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនាកន្លងទៅយ៉ាងណាក្តី តែបក្សនៅតែបន្តវាយតម្លៃពីហានិភ័យ។ លោកបានគូសបញ្ជាក់ទៀតថា ការបន្តស្វែងយល់ពីការប្រែប្រួល និងត្រៀមខ្លួនទប់ទល់នឹងការប្រែប្រួលនេះ នឹងជួយឱ្យបក្សបន្តភាពីឈ្នះទៅមុខជាដាចខាត់។

ការគូសរំលេចរបស់លោកអ្នកនយោបាយវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជារូបនេះ បានធ្វើឡើងក្នុងគ្រាដែលគណបក្សប្រជាជនកម្ពុជា កំពុងរៀបចំសិក្ខាសាលាស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល»

ជាមួយនឹងរូបភាពសកម្មភាពនានាក្នុងសិក្ខាសាលានេះ លោក ហ៊ុន ម៉ានី បានគូសរំលេចលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា នេះយ៉ាងដូច្នេះ «ទោះជាគណបក្សយើងនៅបន្តឈ្នះភ្លូកទឹកភ្លូកដី ការបន្តវាយតម្លៃពីហានិភ័យរបស់គណបក្ស តែងជាប្រពៃណីដ៏ល្អរបស់យើង។ ការស្វែងរកវិធីសាស្រ្តថ្មីនេះ មិនមែនមានន័យថា មធ្យោបាយចាស់របស់យើងមិនមានប្រសិទ្ធភាពឡើយ។ ផ្ទុយទៅវិញការបន្តស្វែងយល់ពីការប្រែប្រួល ត្រៀមខ្លួនទប់ទល់នឹងការប្រែប្រួលនឹងជួយយើងឲ្យបន្តភាពឈ្នះទៅមុខជាដាច់ខាត»

នៅក្នុងសិក្ខាសាលានាព្រឹកថ្ងៃអាទិត្យនេះ លោក ហ៊ុន ម៉ានី ដែលមានតួនាទីជាអគ្គលេខាធិការគណៈចលនាមហាជនដែរនោះ បានប្រាប់សកម្មជនគណបក្សប្រជាជនដែរថា ការធ្វើនយោបាយ ជាពិសេសតាមរយៈការផ្សព្វផ្សាយត្រូវធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង។

លោក បានលើកទឹកចិត្ត និងផ្តាំផ្ញើឲ្យសមាជិក សមាជិកាគណបក្សទាំងអស់ត្រូវចេះសម្រួច និងស្វែងរកវិធីសាស្ត្រនៃការរៀបចំខ្លឹមសារពិត ទាក់ទាញ ស្របជាមួយតម្រូវការរបស់ប្រជាជន ហើយដែលជាព័ត៌មានដែលមានប្រយោជន៍ដល់ប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា៖ «ទាំងនេះ នឹងអាចចូលរួមលុបបំបាត់ព័ត៌មានមិនពិត ព័ត៌មានទុច្ចរិតនានា ក្នុងគោលបំណងញុះញង់ បំបែកបំបាក់សាមគ្គីឯកភាពជាតិ ដែលនឹងអាចបង្កឲ្យមានភាពច្របូលច្របល់ក្នុងសង្គម»

សូមបញ្ជាក់ថា នៅវិមាន៧មករា ទីបញ្ជាការធំរបស់គណបក្សប្រជាជនកម្ពុជា បានរៀបចំសិក្ខាស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» រយៈពេលមួយថ្ងៃកន្លះ។

ពិធីបើកសិក្ខាសាលានេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ម្សិលមិញនេះ ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

សិក្ខាសាលានេះ មានការចូលរួមពីសំណាក់រចនាសម្ព័ន្ធគណៈចលនាមហាជនរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ, ជនបង្គោលទទួលបន្ទុកការងារ ចលនាមហាជនពីបណ្តាគណបក្ស ក្រសួង-ស្ថាប័ន, រចនាសម្ព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងគណបក្ស ប្រមាណជាង ៧០០នាក់។

គោលបំណងនៃការរៀបចំសិក្ខាសាលា គឺការធ្វើបច្ចុប្បន្នភាពស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងស្វែងយល់អំពីតួនាទីរបស់ការងារផ្សព្វផ្សាយ និងសាធារណមតិ, ចែករំលែកអំពីវិធីសាស្ត្រនៃការផ្សព្វផ្សាយ មហាជនក្នុងបរិបទឌីជីថល, បង្កើតឱកាសជួបជុំ និងពង្រីកការទំនាក់ទំនង ជាមួយអង្គការចាត់តាំង និងយន្តការផ្សព្វផ្សាយនានារបស់គណបក្ស ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នាទាំងយន្តការនានានៅថ្នាក់កណ្តាល និងរវាងទំនាក់ទំនងរវាងយន្តការថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន និងបង្កើតឱកាសបានរៀនសូត្រ ពីគ្នាទៅវិញទៅមកដកស្រង់ទស្សនៈ ចែករំលែកបទពិសោធន៍ និងស្វែងយល់ពីការផ្សព្វផ្សាយនៅតាមមូលដ្ឋាននីមួយៗ និងពីតម្រូវការ៕