(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នា ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំការប្រឡងសម្រាប់បុគ្គល ដែលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល។

ការចូលរួមវគ្គបណ្ដុះបណ្ដាល និងការប្រឡងទទួលស្គាល់គុណវុឌ្ឍិនេះ គឺជាលក្ខខណ្ឌមួយនៃលក្ខខណ្ឌតម្រូវ ដើម្បីទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត/ការទទួលស្គាល់ ពីនិយ័តករបរធនបាលកិច្ច ធ្វើជាបរធនបាល បុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនបរធនបាល និងជាបុគ្គលពាក់ព័ន្ធដែលផ្ដល់សេវាក្នុងវិស័យបរធនបាលកិច្ច។

បរធនបាលកិច្ច ជាទំនាក់ទំនងគតិយុត្តមួយ ដែលក្នុងនោះ បរធនបាលទាយក ឬបុគ្គលផ្តល់វិភាគទានបរធនបាលកិច្ច (ជាម្ចាស់ទ្រព្យសម្បត្តិ) ប្រគល់ ឬផ្ទេរទ្រព្យសម្បត្តិទៅបរធនបាល (ជាបុគ្គលមានចំណេះ ជំនាញវិជ្ជាជីវៈ មានបទពិសោធន៍ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច) ដើម្បីធ្វើការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាពជំនួស ជាប្រយោជន៍ដល់អត្ថគាហកៈ (បុគ្គលដែលទទួលផលពីបរធនបាលកិច្ច) ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន៕