(រតនគិរី)៖ ក្រោយពីទទួលបានការបណ្តុះបណ្តាលលើមុខជំនាញសង្គ្រោះ ថែទាំ ព្យាបាលជំងឺទារកពីមន្ទីរពេទ្យកុមារជាតិក្រោមការឧបត្ថម្ភគាំទ្រគម្រោងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), ក្រុមគ្រូពេទ្យផ្នែកទារកបានសង្គ្រោះ និងមើលថែទាំទារិកាម្នាក់ដែលមានបញ្ហាសុខភាពអំឡុងពេលចាប់កំណើតឲ្យមានសុខភាពល្អវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

គ្រូពេទ្យផ្នែកទារកបានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ទារិកាកើតមិនគ្រប់ខែនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ គឺមានទម្ងន់ ១,៣គីឡូក្រាម មានឪពុកឈ្មោះ គីម ឧត្តម និងម្តាយឈ្មោះ ថោ សុផុន មានទីលំនៅភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់។

ក្រុមគ្រូពេទ្យផ្នែកទារកបន្តថា ដោយការមើលថែទាំបានយ៉ាងល្អរយៈពេលពេល៥ខែកន្លងមកនេះ ទារិកាម្នាក់នេះមានសុខភាពល្អមានទម្ងន់រហូតដល់៥គីឡូក្រាម (គ្រូពេទ្យដាក់ឈ្មោះឲ្យវណ្ណារី) បានចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅលំនៅដ្ឋានវិញហើយ។

លទ្ធផលនេះ ត្រូវបានក្រុមពេទ្យវាយតម្លៃថា បានបង្ហាញពីភាពជោគជ័យរបស់ក្រុមគ្រូពេទ្យផ្នែកទារក នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ ទន្ទឹមនោះដែរ ក្រុមគ្រូពេទ្យផ្នែកទារកសូមឲ្យស្ត្រីមានផ្ទៃពោះគ្រប់ខែ សម្រាលបុត្រមកកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី មានក្រុមគ្រូពេទ្យផ្នែកទារកមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ។

ដោយឡែកញ្ញាផល្លា (Sooyeon) ប្រធានគម្រោងគិរី (Kiri) បានប្រាប់ថា គម្រោងពង្រឹងសុខភាពមាតា និងទារកដែលផ្តល់មូលនិធិដោយកយកា (KOICA) និងអនុវត្តដោយហ្គូដណេប៊ិស (Good Neighbors) និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រសកលវិទ្យាល័យ Soonchunhang។

គោលដៅគឺលើកកម្ពស់សុខភាពស្ត្រីមានផ្ទៃពោះ និងកុមារក្នុងខេត្តរតនគិរីនិងមណ្ឌលគិរីពីឆ្នាំ២០១៩-២០២៣។ កញ្ញាផល្លា (Sooyeon) បន្តថា គម្រោងគិរី (Kiri) បាននិងកំពុងគាំទ្រការបណ្តុះបណ្តាលបុគ្គលិក សុខាភិបាលជាច្រើននាក់ រហូតដល់ឆ្នាំ២០២៣ មានបុគ្គលិកសុខាភិបាលចំនួន៣៤២នាក់ នឹងទទួលបានការបណ្តុះបណ្តាលយ៉ាងពេញលេញហើយគម្រោងគិរី (Kiri) កំពុងសាងសង់អគារសម្ភពចំនួន៥កន្លែង មាននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី, មណ្ឌលសុខភាពអូរជុំ, មណ្ឌលសុខភាពអណ្តូងមាស, មណ្ឌលសុខភាពតាវែង និងមន្ទីរពេទ្យបង្អែកកោះញ៉ែកខេត្តមណ្ឌលគិរី ដែលគាំទ្រសម្ភារវេជ្ជសាស្ត្រផងដែរ។

បន្ថែមលើនេះទៀតគម្រោងគិរី (Kiri) បាននិងកំពុងគាំទ្រមណ្ឌលសុខភាព ក្នុងការផ្តល់សេវាដល់មូលដ្ឋាន, ការប្រជុំក្រុមទ្រទ្រង់សុខភាពភូមិប្រចាំ២ខែម្តង និងសកម្មភាពផ្សេងៗទៀត ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍។ រហូតមកដល់ពេលនេះមានស្ត្រីមានផ្ទៃពោះ និងកុមារប្រមាណ ២៤,០០០នាក់ទទួលបានសេវាថែទាំសុខភាពតាមរយៈគម្រោងនេះ៕