(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមដឹកនាំ និងសម្របសម្រួលកិច្ចពិភាក្សាស្តីពី «បរធនបាលកិច្ច៖ បទពិសោធន៍អនុវត្តន៍ និងកាលានុវត្តភាព» ក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី១ ឆ្នាំ២០២២ សម្រាប់ក្រុមទី៣ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។

កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមដោយវាគ្មិនកិត្តិយស ដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យបរធនបាលកិច្ច និងវិស័យហិរញ្ញវត្ថុ រួមមាន៖ ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថាកសិករ និងជាក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុហត្ថាកសិករ, លោកឧកញ៉ាបណ្ឌិត ប៊ុន មុនី ប្រធានក្រុមបរធនបាលកិច្ចហិរញ្ញវត្ថុស្ថាបនាសហគមន៍កម្ពុជា, លោក ផូវ សំភី អ្នកជំនាញការច្បាប់ និងប្រធានក្រុមប្រឹក្សាភិបាលរបស់បរធនបាលកិច្ចហិរញ្ញវត្ថុ សីលានិធិ និងលោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព ភីអិលស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលបរធនបាលកិច្ចហិរញ្ញវត្ថុក្រេឌីត។

នៅក្នុងកិច្ចពិភាក្សានេះ វាគ្មិនកិត្តិយសបានធ្វើការពិភាក្សាអំពីទស្សនាទាននៃការដាក់ឲ្យអនុវត្តប្រតិបត្តិការបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍អនុវត្តន៍ បញ្ហាប្រឈម កាលានុវត្តភាព ការពិភាក្សាអំពីទិដ្ឋភាពផ្នែកច្បាប់ និងការអនុវត្ត មុននិងក្រោយពេលមានច្បាប់ស្តីពីបរធនបាលកិច្ច ក៏ដូចជាសក្ដានុពលនៃវិស័យបរធនបាលកិច្ចក្នុងការជួយជំរុញប្រតិបត្តិការរំហូរមូលធន, ប្រតិបត្តិការវិនិយោគអចលនទ្រព្យ, ការរៀបចំផែនការស្ថិរភាពហិរញវត្ថុគ្រួសារ និងបុគ្គលជាដើម។

ជារួម វាគ្មិនទាំងអស់បានសម្ដែងការសាទរដល់កិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច រួមទាំងការបង្កើតនិយ័តករបរធនបាលកិច្ច និងការដាក់ឱ្យអនុវត្តនូវបទដ្ឋានគតិយុត្តថ្មីៗ និងមានទស្សនាទានវិជ្ជមានចំពោះសក្ដានុពលនៃវិស័យបរធនបាលកិច្ច ក៏ដូចជាប្រតិបត្តិការបរធនបាលកិច្ច ដែលនឹងចូលរួមជំរុញ និងគាំទ្រការអភិវឌ្ឍវិស័យផ្សេងៗទៀតនៅក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជា៕