(ក្រចេះ)៖ ប្រជាពលរដ្ឋចំនួន២៩១គ្រួសារ មកពីឃុំកំពង់ចាម ឃុំវឌ្ឍនៈ ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច CHPB បានមកចូលរួមប្រជុំជាមួយអាជ្ញាធរខេត្ត នៅក្នុងសាលាខេត្តក្រចេះ ក្នុងគោលបំណងដើម្បីរិះរកវិធីបញ្ចប់បញ្ហា។

ជំនួបពិភាក្សាដោះស្រាយបញ្ហានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក គង់ គឺមនី អភិបាលរងខេត្ត, លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំអស់រយៈពេលជាង២ម៉ោង ទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋ បានឯកភាពគ្នា ដោយឈរគោលការណ៍រួម ដោយអាជ្ញាធរសម្រេចប្រគល់ជូនពួកគាត់នូវដំណោះស្រាយ ជាដីសម្បទានសង្គមកិច្ច សម្រាប់ប្រជាពលរដ្ឋដែលអត់មានដីអាស្រ័យផលកសិកម្មពិតប្រាកដ។

លោក គង់ គីមនី បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង២៩១គ្រួសារ ត្រូវមានកិច្ចសហការជាមួយអាជ្ញាធរ ភូមិ ឃុំ ជាពិសេសគណៈកម្មាធិការរៀបចំដីធ្លីថ្នាក់ខេត្ត ដើម្បីធ្វើបែបបទចុះអត្តសញ្ញាណឲ្យបានច្បាស់លាស់ ដើម្បីក្រុមការងាររៀបចំប្រគល់ដីជូនពួកគាត់ដែលខ្វះដី អាស្រ័យផលពិតប្រាកដ។

លោកអភិបាលរងបន្តទៀតថា អាជ្ញាធរខេត្ត និងពន្លឿន ការដោះស្រាយឲ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបានក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយអាជ្ញាធរខេត្ត និងបង្កើតគណៈកម្មាធិការគ្រប់គ្រងប្រើប្រាស់ និងបែងចែកដីរដ្ឋថ្នាក់ខេត្ត ដើម្បីរង់ចាំដោះស្រាយជូនពួកគាត់ ហើយគណៈកម្មាធិការ និងរៀបចំទីតាំងច្បាស់មួយដើម្បីរង់ចាំពលរដ្ឋមកបំពេញបែបបទតាមនិតិវិធីដើម្បីទទួលដីស្របច្បាប់។

ប្រជាពលរដ្ឋទាំង២៩១គ្រួសារ ក៏ព្រមព្រៀមតាមការចាត់ចែងរបស់អាជ្ញាធរ លើគោលនយោបាយដីសម្បទានសង្គមកិច្ចដែលមានទីតាំងស្ថិត នៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ក្រៅពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន CHPB៕