(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នេះបើតាមដីការបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។

បន្ទាប់ពីធ្វើការចោទប្រកាន់ តំណាងអយ្យការ បានបង្គាប់ឱ្យបញ្ជូនជនជាប់ចោទ និងវត្ថុតាងព្រមទាំងបញ្ជីរាយនាមជនដែលទាក់ទិនក្នុងសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះតាមច្បាប់។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។

ការដាក់ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពី លោក សុន ឆ័យ បានបរិយាយតាមសារព័ត៌មានអនឡាញដោយចោទថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានការលួចបន្លំសន្លឹកឆ្នោត៕