(កំពង់ឆ្នាំង)៖ នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» និងពិធីប្រកាសទទួលស្គាល់គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងអាណត្តិទី៥។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានកិត្តិយសសាខា, លោក ឈា ហន រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងអញ្ជើញចូលរួមពីគណៈកិត្តិយស គណៈកម្មាធិការសាខា ព្រះសង្ឃ ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត គណៈកម្មាធិការអនុសាខាក្រុងស្រុក សប្បុរសជន អាជីវករ សិប្បករ យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត សរុបប្រមាណ ៧៨៤នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

ការប្រារព្ធទិវានេះក្នុងគោលបំណង រំឭកដល់ថ្ងៃកំណើតរបស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករបស់កាកបាទក្រហមអន្តរជាតិ, ផ្សព្វផ្សាយពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ,ច្បាប់មនុស្សធម៌អន្តរជាតិ និងកៀរគររកមូលនិធិពីសប្បុរសជននានា ដើម្បីត្រៀមឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងការជួយសង្រ្គោះជនរងគ្រោះ និងងាយរងគ្រោះ។

សូមបញ្ជាក់ជូនថា ថវិកាដែលទទួលពីកាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាលឧបត្ថម្ភ ១០,០០០,០០០រៀល និងពីសប្បុរសជននានានៅក្នុងពិធីនេះ សរុបជាបឋមចំនួន ២១០,០០០ដុល្លារអាមេរិក។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ពុំ ចន្ទីនី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចចំនួន៤ ទទួលស្គាល់ប្រធានគណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា គណៈកិត្តិយសអនុសាខា និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អាណត្តិទី៥ ។

ក្នុងអាណត្តិទី៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចតែងតាំងលោក អ៊ុក រ៉ាប៊ុន ជាប្រធានគណៈកិត្តិយសសាខា, លោក ស៊ុន សុវណ្ណារិទ្ធិ ជាប្រធានគណៈកម្មាធិការសាខា និងលោកស្រី ប៊ន សុភី ជាអនុប្រធានអចិន្ត្រៃយ៍សាខាកក្រក ខេត្តកំពង់ឆ្នាំង អាណត្តិទី៥។

ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ ដែលត្រូវបានប្រកាសជាប្រធានគណៈកម្មាធិការសាខាសម្រាប់អាណត្ដិទី៥នេះ បានថ្លែងដឹងគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងបំពេញកិច្ចការងារមនុស្សធម៌ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត ឱ្យកាន់តែភាពល្អប្រសើរបន្ថែមទៀត។

លើសពីនោះ ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, យកចិត្តទុកដាក់អនុវត្តគោលការណ៍លក្ខណៈវិនិឆ្ឆ័យ សាខាដែលដំណើរការល្អ (មូលដ្ឋានគ្រឹះបេសកកម្ម, សមត្ថភាព, ការបំពេញការងាររបស់មន្ត្រីកាកបាទក្រហមកម្ពុជា បំពេញការងារមនុស្សធម៌ទទួលបានជោគជ័យ), រក្សាសាម្គីភាព ក្នុងជួរគណៈកម្មាធិការសាខា ទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា ឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាងនេះទៅទៀត ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខា ឱ្យអនុវត្តបានល្អនូវភារកិច្ចស្របតាមយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា ២០២១-២០៣០ ដែលមានវិស័យអទិភាពចំនួន៤ រួមមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងបម្រែបម្រួលអាកាសធាតុ សុខភាព និងការថែទាំសុខាមាលភាពសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន។

ក្នុងនោះបង្កើតគំនិតក្នុងការកៀរគររកមូលនិធិពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើឱ្យការងារមនុស្សធម៌របស់សាខា, យកចិត្តទុកដាក់ណែនាំដល់អនុសាខា ឱ្យខិតខំអនុវត្តការងារមនុស្សធម៌ ឱ្យបានល្អស្របតាមវិស័យអទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា, យកចិត្តទុកដាក់ពង្រឹងពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅមូលដ្ឋានឱ្យចូលរួមក្នុងសកម្មភាពអប់រំសុខុមាលភាពសហគមន៍ ជាពិសេសជំងឺកូវីដ-១៩, យកចិត្តទុកដាក់ពង្រឹងពង្រីកយុវជនកាកបាទក្រហមកម្ពុជា និងគ្រឹះស្ថានសិក្សានានា ជាគំរូក្នុងការងារមនុស្សធម៌ក្នុងសង្គម និងបន្តសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរស្ថាប័ន អង្គការជាតិ-អន្តរជាតិ រួមកម្លាំងជួយកាត់បន្ថយទុក្ខលំបាករបស់ជនរងគ្រោះ៕